(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបន្ដទទួលការគាំទ្រ ១០០% ធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC) ១អាណត្តិទៀតហើយ នៅក្នុងអាណត្តិទី៧ ឆ្នាំ២០១៨-២០២២ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ សមាជិកប្រតិបត្តិ និងតំណាងសហព័ន្ធកីឡាជាតិ។
ក្រៅពីលោក ថោង ខុន ប្រធាន NOCC ទទួលបានការគាំទ្របន្ដដឹកនាំស្ថាប័នកីឡាកំពូលមួយនេះ ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិ ១០រូបផ្សេងទៀតផងដែរ ។ ជាលទ្ធផលលោក សៅ សុខា ទទួលបានតំណែងជាអនុប្រធាន, លោកឧកញ៉ា ថាង ហ្គោដុន អនុប្រធាន, លោក អ៊ុក សិទ្ធិជាតិ អនុប្រធាន, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ, លោក តែម ម៉ឺន អគ្គលេខាធិការរង, លោក លី កុសល អគ្គហេរញឹក, លោកជំទាវ ម៉ក់ វណ្ណស៊ីថា, លោក សំ សោភាន់, លោក ជា បូរ៉ា និងលោក មៀច សុផាន់ណា ជាសមាជិក ។
សមាជិកប្រតិបត្តិទាំង ១១នាក់ខាងលើ គឺមាន ៣នាក់បានជាប់ឆ្នោតដោយស្វ័យប្រវត្តិ រួមមានលោក ថោង ខុន ជាប្រធាន, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ និងលោកជំទាវ ម៉ក់ វណ្ណស៊ីថា ។ ក្រៅពីនេះ សុទ្ធតែឆ្លងកាត់បោះឆ្នោតពីតំណាងសហព័ន្ធកីឡាជាតិចំនួន ៤០សហព័ន្ធ តែអវត្តមាន ១សហព័ន្ធ ។ ក្នុងនោះសម្លេងសន្លឹកឆ្នោត គឺបានគាំទ្រ និងយល់ព្រម ចំពោះតួនាទីរបស់សមាជិកប្រតិបត្តិខាងលើទាំងអស់ ៕