(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ CPP ចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបងលោក ឡោក ហ៊ួរ បានថ្លែងប្រាប់ពុទ្ធបរិស័ទ្ធចំណុះ ជើងវត្តទាំងអស់នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវត្តកាច់រទេះ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា បើបុគ្គលសង្ឃណាធ្វើខុស សូមកុំជេរប្រមាថរៀលដាលដល់ព្រះសង្ឃល្អទូទៅ ដែលមិនបានធ្វើខុសនោះ ធ្វើឲ្យប៉ះពាល់កិត្តិយសដល់ព្រះពុទ្ធសាសនាយើងទាំងអស់គ្នា ដែលជាសាសនារបស់រដ្ឋ។
លោកតំណាងរាស្រ្ត បានឲ្យដឹងថា «បើបុគ្គលសង្ឃណាធ្វើខុស សូមកុំជេរប្រមាថរាល់ដល់ព្រះសង្ឃល្អទូទៅ ធ្វើឲ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនោះ ហើយព្រះសង្ឃក៏គួតែកុំចូលរួមយ៉ាងសកម្ម ដូចជាពាក់ព័ន្ធធ្វើនយោបាយ ចូលរួមធ្វើបាតុកម្មខុសច្បាប់ជាដើម ដែលប្រាសចាកពីព្រះវិន័យនៃព្រះពុទ្ធសាសនា និងនាំឲ្យមានទោសទណ្ឌ ដល់ខ្លួនតាមការអនុវត្តច្បាប់ផង»។
លោកបានថ្លែងនៅក្នុងពិធីបុណ្យផ្កាប្រាក់ប្រមូលបច្ច័យ ដើម្បីកសាងសាលាបាលីពុទ្ធកបឋមសិក្សា១ខ្នង នៅក្នុងវត្តកាច់រទេះ និងរាប់បាតប្រគេនព្រះសង្ឃ៩១អង្គ មកពី៥វត្ត ស្ថិតក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ដោយមានការចូលរួមក្រុមប្រឹក្សាស្រុក ឃុំកំពង់ព្រៀងស្រុកសង្កែ និងពុទ្ធបរិស័ទ្ធជាច្រើននាក់ទៀត។
លោកបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនានៅរឹងមាំ គង់វង្សយូរអង្វែងទៅបាន ក៏អាស្រ័យលើព្រះសង្ឃនិងពុទ្ធបរិស័ទ្ធយើងជាអ្នកទ្រទ្រង់ខំធ្វើតែអំពើល្អ តាមពុទ្ធឱវាទដែលបានបន្សល់ទុកជាង២ពាន់ឆ្នាំ មកហើយ ដូច្នេះយើងនាំគ្នា ទ្រទ្រង់ ថែរក្សា ពុទ្ធសាសនាដ៏ល្អផូផង់នេះនៅឋិតឋេរយូរអង្វែងតទៅ។
ដោយសារវិស័យសាសនាយើងមានការរីកចម្រើនយ៉ាងខ្លាំងនេះហើយ ទើបប្រជាពុទ្ធបរិស័ទ្ធទូទៅបាននាំគ្នា ធ្វើបុណ្យ តកូនចៅរហូតមក ជាក់ស្តែងថ្ងៃនេះ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ្ធយើងបានមូលមតិគ្នាធ្វើបុណ្យផ្កាប្រាក់សាមគ្គីនេះឡើង ដើម្បីប្រមូលបច្ច័យតាមសទ្ធារៀងៗខ្លួនយកមកកសាងសាលាបាលីពុទ្ធកបឋមសិក្សា១ខ្នងមាន២បន្ទប់នៅក្នុងបរិវេណវត្តកាច់រទេះនេះ ត្រូវចំណាយប្រាក់២៤.២០០ដុល្លា ។
លោកបានបន្តថា ក្នុងនាមតំណាងរាស្រ្តលោកតែងបានចូលរួមគ្រប់សកម្មភាពជាមួយប្រជាពលរដ្ឋទាំងខាងពុទ្ធចក្រ និង អាណាចក្រ មិនដែលខានឡើយ តាមរយៈការកសាងសមិទ្ធិផលជាច្រើននៅតាមមូលដ្ឋានក្នុងស្រុកសង្កែយើងនេះ និងតាមបម្រើរាស្រ្ត ដោះស្រាយកង្វល់ការលំបាក និងរាល់សំណូមពររបស់រាស្រ្តបានទាន់ពេលវេលារហូតមក។
បន្ទាប់ពីសំណេះសំណាលជាមួយពុទ្ធបរិស័ទ្ធចប់ គណអធិបតី បានចូលរួមបច្ច័យចំនួន១ពាន់ដុល្លាក្នុងពិធីបុណ្យផ្កាប្រាក់នេះដើម្បីរួមចំណែកកសាងសាលាបាលីនេះឡើង ព្រមទាំងបានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃទាំង៩១អង្គជាមួយពុទ្ធបរិស័ទ្ធយើងជាកិច្ចបង្ហើយ៕