(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដេញតាមបង្ក្រាបក្រុមចោរ និងប្រើប្រាស់គ្រឿងញៀនបាន៣នាក់ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ១គ្រឿង ពីជនរងគ្រោះជាប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ រហូតបានសម្រេច។

បើតាមលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ ក្នុងបទល្មើសឆក់ មានស្ថានទម្ងន់ទោស ខាងលើនេះ បានប្រតិបត្តិការឡើងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច លើកំណាត់ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពីពួកគេបានធ្វើសកម្មភាព (ឆក់ទូរសព្ទ័ដៃ១គ្រឿងម៉ាកASUS ពណ៌ខ្មៅ ពីជនរងគ្រោះ ដែលធ្វើដំណើរតាមដងផ្លូវ នៅត្រង់ចំណុចខាងមុខក្រសួងសាធារណៈការ និងដឹកជញ្ជូន លើផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយដកហូតបានវត្ថុតាងមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៧៦០៨១២ ពាក់ស្លាកលេខភ្នំពេញ ១GI-៥៨៨២ និង១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន ៥១៦២៦៧៤ ពាក់ស្លាកលេខកណ្តាល១X-៥៥៧៥។

ជនសង្ស័យទី១-ឈ្មោះ មួង សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវលំ ក្នុងភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី២-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរតន្ត្រីករ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវលំ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៣-ឈ្មោះ ថេត ថៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះគ្មានលេខ លើផ្លូវលំ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

បច្ចុប្បន្នក្រុមជនសង្ស័យពាក់ព័ន្ធបទល្មើសឆក់ទូរស័ព្ទ ទាំង៣នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕