(តាកែវ)៖ កម្មករ-កម្មការិនីនៅរោងចក្រ សេឌូណូ ខេមបូនីតធីង ដែលពុលដួលសន្លប់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវបានលោក សំ សឿន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសហការី បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីលោកអភិបាលខេត្តតាកែវ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនកាលពីពេលព្រឹកថ្ងៃដដែលនោះ។
លោក សំ សឿន បានឱ្យដឹងថា កម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រសេឌូណូ និងជាសមាជិកសហជីពរបស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៦៨នាក់ ហើយកើនឡើងបន្តទៀត កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដែលគេសង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋនៅក្បែររោងចក្រ។
នាឱកាសនោះលោក សំ សឿន បានចែកអំណោយជូនដល់កម្មករម្នាក់ៗទទួលបានទឹកដោះគោ៦កំប៉ុង និងថវិកា២ម៊ឺនរៀល ដែលសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកបាទី ដើម្បីសម្រួលការលំបាក។
លោក សំ សឿន ក៏បានថ្លែងអំណរគុណដល់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កម្មករ-កម្មការិនី និង សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្តតាកែវ ដែលបាននាំយកអំណោយមួយចំនួន ទៅចែកជូនបងប្អូននៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្មករ-កម្មការិនីជាង១០០នាក់ ដែលបម្រើការងារនៅរោងចក្រនេះ ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ជាលើកទី២ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវ របស់ប្រជាពលរដ្ឋនៅក្បែរនោះ ដែលមិនទាន់អស់ក្លិន។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះ សង្ស័យមកពីកត្តាធំៗចំនួន២ រួមមាន៖ ទី១-ធំក្លិនថ្នាំស្រូវរបស់ប្រជាកសិករនៅក្បែររោងចក្រ និងទី២-បញ្ហាសន្តិសអារម្មណ៍ពោលនៅពេលឃើញកម្មករម្នាក់ បានដួលសន្លប់ ម្នាក់ក៏ដួលសន្លប់តាមក្រោយ។
អធិការនគរបាលស្រុកបាទី ខេត្តតាកែវ លោក ង៉ាន់ សារី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនរងគ្រោះទាំងអស់ជាង១០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរបង្អែកស្រុកបាទី ខណៈអ្នករងគ្រោះធ្ងន់ធ្ងរជិត១០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។
រោងចក្រនេះ ក្រុមកម្មករសរុប១៦៥០នាក់ ប្រុស៩២នាក់ ដែលកំពុងបម្រើការងារ៕