(សៀមរាប)៖ នៅខែមករា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសជិត៣០ម៉ឺននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំនួនជាង១៣លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ផ្លូវការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរចំនួន ២៩៤,៨១៣នាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ កើនឡើងជិត៣ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ សម្រាប់ចំណូលវិញ ទទួលបានចំនួន ១៣,៤៧៩,៦៨៦ដុល្លារអាមេរិក កើនឡើង៦២ភាគរយ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងចំណូលជាង១៣លានដុល្លារ ដែលទទួលបាននៅខែមករានោះ ទឹកប្រាក់ចំនួន៥៨៩,៦២៦ដុល្លារ។
សូមជម្រាបថា ប័ណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានដំឡើងថ្លៃ និងបែងចែកជា៣ប្រភេទ៖ ១៖ ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ២៖ ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ និង ៣៖ ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។
នៅឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសចំនួន ២,៤៥៧,០២៣នាក់ បានចូលទស្សនាតំបន់អង្គរ កើនឡើង១១.៨២ភាគរយ ទទួលបានចំណូលចំនួន ១០៧,៩៧៦,៤៣៩ដុល្លារ កើនឡើង៧២.៥៤ភាគរយ៕