(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកំណត់សហព័ន្ធកីឡាជាតិ ដែលជាមុខសញ្ញាយុទ្ធសាស្ដ្រយកប្រៀបក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ គឺមាន៨ប្រភេទកីឡា។ នេះបើយោងតាមរបាយការណ៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្ដិទី៦ ឆ្នាំ២០១៤-២០១៨ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កីឡាទាំង៨ប្រភេទ គឺបែងចែកជា ៤ផ្សេងគ្នា ទី១-គឺប្រភេទកីឡាអត្តពលកម្ម ដែលជាប្រភេទកីឡាអាទិភាព អាចដណ្តើមបានសរុប៤៦វិញ្ញាសា។ ទី២-កីឡាហែលទឹក ស្រដៀងនឹងកីឡាអត្តពលកម្មដែរ ដោយកីឡានេះ កម្ពុជាអាចដណ្ដើមបានសរុប ៣៨វិញ្ញាសា។ ទី៣-កីឡាគុន មានគុនខ្មែរ គុនល្បុក្កតោ និងកីឡាអុកចត្រង្គ ដែលកម្ពុជាចាំបាច់ត្រូវដាក់ក្នុងវិញ្ញាសាកីឡាស៊ីហ្គេម ដើម្បីបង្ហាញពីប្រភេទកីឡាអត្តសញ្ញាណរបស់ជាតិ។ ទី៤-កីឡាក្រុម រួមមានកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ ដែលជាប្រភេទកីឡាមានប្រជាប្រិយភាពខ្ពស់។
លោកបន្ដថា ប្រភេទកីឡាខាងលើ សុទ្ធតែជាប្រភេទកីឡាអាទិភាព បាញ់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះកីឡាទាំងនេះ ដាច់ខាតត្រូវរៀបចំខ្លួនបានឲ្យល្អបំផុត ដើម្បីត្រៀមលក្ខណៈដណ្ដើមមេដាយទៅផែនការ ដែលដាក់ចេញដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឆ្លើយតបតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ ដោយឡែកប្រភេទកីឡាផ្សេងៗក៏មិនខុសគ្នាដែរ ព្រោះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាសល់រយៈពេលត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ៕