(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានត្រៀមចំណាយថវិកាប្រមាណជិត២ម៉ឺនដុល្លារ ដើម្បីរៀបចំបោះពុម្ភសន្លឹកឆ្នោតចំនួន២៥៩៥០សន្លឹក ត្រៀមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឌឹម សុវណ្ណរុំម បានឲ្យដឹងថា «ក្នុងថ្ងៃនេះ គ.ជប. បានបង្ហាញការបោះពុម្ភសន្លឹកឆ្នោតលើកទី១ ក្នុងក្របខ័ណ្ឌ ការបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨....សន្លឹកឆ្នោះនេះត្រូវបានបោះពុម្ភឡើងចំនួន២៥៩៥០សន្លឹក»។
លោកបានបញ្ជាក់ទៀតថា «គ.ជ.ប ក៏បានចំណាយទឹកប្រាក់ជិត២ម៉ឺនដុល្លារ ស្មើនឹង៧៤លានរៀល ដោយសន្លឹកឆ្នោតសរុបមានចំនួន២៥៩៥០សន្លឹក ក្នុងនោះសន្លឹកឆ្នោតបម្រុងមានចំនួន៥៣០០សន្លឹក ហើយសន្លឹកឆ្នោតទាំងអស់នឹងត្រូវបែងចែកជូន ទៅភូមិភាគនីមួយៗ ក្នុងរយៈពេល៣៦ម៉ោង មុនការបោះឆ្នោតចូលមកដល់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨»។
លោកបានបន្ដទៀតថា ការធ្វើការរៀបចំបោះពុម្ភសន្លឹកឆ្នោតនេះ ធ្វើឡើងដោយផ្អែកទៅលើបទបញ្ជារ និងនីតិវិធីនៃកាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រការ ៨,២,១ ដែលបានចែងថា ទី១៖ គ.ជ.ប ធានាការបោះពុម្ភសន្លឹកឆ្នោតលើក្រដាសស, ទី២៖សន្លឹកឆ្នោតនីមួយៗត្រូវមានគល់បញ្ជីលេខរៀង និងលំដាប់តៗគ្នា និងទី៣៖ សន្លឹកឆ្នោតនីមួយៗត្រូវមានសញ្ញាសំគាល់គណបក្ស ឈ្មោះ អក្សរកាត់ និងអក្សរពេញ ឈ្មោះ និងឡូគោលត្រូវដាក់ទៅតាមលំដាប់លំដោយការងារ ផ្អែកទៅលើការចាប់ឆ្នោត៕