(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀងទ្រង់ទ្រាយធំមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន៨៩កញ្ចប់ (ទំងន់កន្លះគីឡូក្រាម)។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលស្រុកឆ្លូង បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នេះ ដោយដំបូងឡើងកម្លាំងសមត្ថកិច្ច បានចុះដល់ចំណុចទី១ នៅគុម្ពោធព្រៃ ក្រោយផ្ទះជនសង្ស័យឈ្មោះ ពូយ៉ាន រ៉ូហ្សា ស្ថិតនៅភូមិឈើទាលភ្លោះ​ ឃុំព្រែកសាឃុំម៉ាន់ ស្រុកឆ្លូង និងចំណុចទី២ នៅផ្ទះឈ្មោះ ស្មាន សាណាល់ នៅភូមិឃុំខាងលើ។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១៖ ឈ្មោះ ​ពូយ៉ាន រ៉ហ្សា អាយុ២៦ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌សចំនួន៥កញ្ចប់ និងទូរស័ព្វដៃចំនួន១គ្រឿង, ទី២៖ឈ្មោះ​ សុះ សូទី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅពុំពិតប្រាកដ។ សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍ស ចំនួន៥កញ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទី៣៖ឈ្មោះ ប៉ាស៊ី ស្លាវី អាយុ១៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ និងទី៤៖ឈ្មោះ រ៉ ហ្វីអះ​ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកសិករ ដកហូតបានម្សៅក្រាមពណ៍សចំនួន៧៩កញ្ចប់ និងផ្លាសស្ទិចមួយចំនួន។

នគរបាលបន្ដទៀតថា វត្ថុតាងសរុបមានចំនួន៨៩កញ្ចប់ និងសម្ភារប្រើគ្រឿងញៀនមួយចំនួន ហើយជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕