(ចិន)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធី បើកវេទិកាជំរុញពាណិជ្ជកម្ម កម្ពុជា-ចិន ក្នុងប្រទេសចិន ក្រុងធានជីន ដែលការចូលរួមនេះ ដើម្បីពង្រឹងទំហំ ពាណិជ្ជកម្មប្រទេសទាំង២ ឲ្យកាន់តែរឹងមាំ កើនឡើង និងទាក់ទាញក្រុមហ៊ុនវិនិយោគរបស់ចិន ឲ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។
ក្នុងកម្មវិធី បើកវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-ចិននេះ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ទំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងឆ្នាំ២០១៧ បានកើនឡើងដល់ ៤,៨ ប៊ីលានដុល្លា ក្នុងនោះការនាំចេញពីកម្ពុជាមានចំនួន ៨៣០ លានដុល្លា និងការនាំចូលមកកម្ពុជាមានចំនួន ៣,៩ ប៊ីលានដុល្លា។
លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថាយោងតាមតួលេខឆ្នាំ២០១៦ វិនិយោគទុនរបស់ ប្រទេសចិនបានកើនដល់ ៥,១ ប៊ីលានដុល្លា ដែលវិនិយោគលើ វិស័យសំខាន់មួយចំនួនដូចជា កម្មន្តសាល, សំណង់, វាយនភ័ណ្ឌ និងអគ្គិសនី។ ជាមួយគ្នានោះ ភ្ញៀវទេសចរណ៍ចិន ដែលបានទៅទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៦ មានចំនួន៨៣ម៉ឺននាក់ កើនឡើង១៩,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។
លោកក៏បានបញ្ជាក់ បន្ថែមជូនអង្គវេទិកាទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនថ្មី សម្រាប់ភាពរីកចម្រើនរបស់កម្ពុជា។
ក្នុងឱកាសនោះដែរលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានធ្វើបទបង្ហាញជូនអង្គវេទិកា ស្ដីពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជាផងដែរ៕