(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប្រពន្ធ និងម្តាយបង្កើតរបស់លោក កឹម សុខា ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យចូល ទៅក្នុងបរិវេណសាលាឧទ្ធរណ៍ ដើម្បីទៅជួបលោក កឹម សុខា និងដើម្បីយកបាយទៅឲ្យហូប។
មកដល់ម៉ោងនេះ សវនាការលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់ចប់នៅឡើយទេ ក្រោមចាប់ផ្តើមឡើងតាំងពីម៉ោងជាង៨មកនោះ។ សវនាការនេះ ត្រូវធ្វើឡើងជាអសាធារណៈនាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
នៅសាលាឧទ្ធរណ៍ នាព្រឹកនេះគេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ៕