(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានផ្ដល់អនុសាសន៍ និងកំណត់ឲ្យគណៈកម្មការរៀបចំស៊ីហ្គេម ត្រូវបើកកិច្ចប្រជុំជារៀងរាល់៣ខែម្ដង ដើម្បីជជែកពិភាក្សា អំពីការត្រៀមខ្លួន ឲ្យបានទៀតទាត់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងឱកាសរបស់ សម្ដេចអញ្ជើញធ្វើជាអធិបតីភាព ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិថ្មី ឆ្នាំ២០១៨-២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា ដោយរៀបចំយន្ដការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការរៀបចំស៊ីហ្គេម ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន ពិសេសអគ្គលេខាធិការ ត្រូវយកចិត្តទុកដាក់រៀបចំរបៀបរបបការងារ និងដាក់ឲ្យដំណើរការអង្គររដ្ឋបាល ក្នុងលេខាធិការដ្ឋានឲ្យបានឆាប់រហ័ស ដើម្បីជំរុញឲ្យប្រព័ន្ធការងារៀបចំផ្សេងៗ ខណៈទំហំការងារច្រើន និងស្មុគស្មាញ ដែលទាមទារឲ្យជំនាញនីមួយៗ ត្រូវរួសរាន់រៀបចំខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឲ្យស៊ីហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្ដល់អនុសាសន៍ចំនួន៨ចំណុច សម្រាប់គណៈកម្មការប្រតិបត្តិអនុវត្តឲ្យមានប្រសិទ្ធិភាពរួមមាន៖
ទី១៖ ថ្នាក់ដឹកនាំ មន្ដ្រីជំនាញក្នុងគណៈកម្មាធិការជាតិស៊ីហ្គេមទាំងអស់ ត្រូវចូលរួមប្រជុំលើកដំបូង និងចូលរួមប្រជុំ ៣ខែម្ដងជាទៀងទាត់
ទី២៖ អគ្គលេខាធិការ និងលេខាធិការដ្ឋានត្រូវចាប់ផ្ដើមរៀបចំទីតាំង និងដំណើរការយន្ដការរដ្ឋបាល
ទី៣៖ គណៈកម្មការជំនាញទាំងអស់ ត្រូវចាប់ផ្ដើមរៀបចំរបៀបរបបការងារ និងផែនការជំនាញរបស់ខ្លួនជាបណ្ដើរៗ
ទី៤៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមលក្ខណៈរៀបចំ កញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល តាមសូចនាករនីមួយៗ ដែលមានចែងក្នុងផែនការមេ និងផែនការសកម្មភាពដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធកីឡា ឧបករណ៍សម្ភារៈកីឡា និងការអភិវឌ្ឍធនធានមនុស្សជំនាញ
ទី៥៖ ក្រសួងអប់រំ យុវជន និងកីឡា សូមបង្កើតក្រុមការងារចំពោះកិច្ចមួយ ត្រៀមលក្ខណៈសហការណ៍ជាមួយគណៈកម្មាធិការជាតិស៊ីហ្គេម ដើម្បីរួមគ្នាពិនិត្យតាមដានវាយតម្លៃ វឌ្ឍនភាព និងការងារក្នុងប្រសិទ្ធភាពកីឡា និងគុណផលកីឡា។ ពិសេសបំពេញការខ្វះខាតបន្ថែម ដល់អត្ដពលិកជាតិ និងសហព័ន្ធកីឡាជាតិ
ទី៦៖ សូមកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ត្រូវពង្រឹង និងកែទម្រង់ឡើងវិញ នៅការដឹកនាំ គ្រប់គ្រងវិស័យកីឡា ក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន ដោយសហការជាមួយក្រសួងអប់រំ ពិសេស NOCC និងគ្រប់សហព័ន្ធកីឡាជាតិ ដើម្បីពង្រីកបន្ថែម ការហ្វឹកហាត់ជំនាញ កីឡាកម្រិតខ្ពស់ ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់ចូលរួមការប្រកួតកីឡស៊ីហ្គេម ឆ្នាំ២០២៣
ទី៧៖ សូមក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមជួយសហការ និងផ្ដល់ភាពងាយស្រួលដល់គណៈកម្មាធិការជាតិស៊ីហ្គេម ក្នុងករណីចាំបាច់ ដើម្បីបំពេញប្រសិទ្ធភាពការងារ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣
និងទី៨៖ សូមអំពាវនាវដល់លោកឧកញ៉ា ក្រុមហ៊ុនឯកជន ចូលរួមគាំទ្រសកម្មភាពក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕