គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ នៅថ្ងៃស្អែកនេះ ដោយពិភាក្សាលើ វិសោធនកម្មរដ្ឋធម្មនុញ្ញ វិសោធនកម្មក្រមព្រហ្មទណ្ឌ និងរបៀបវារៈមួយចំនួនទៀត
01-02-2018 09:35
(ភ្នំពេញ)៖ គណៈរដ្ឋមន្រ្តីកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តចំពោះសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ សេចក្តីព្រាងវិសោធនកម្មក្រមព្រហ្មទណ្ឌ និងរបៀបវារៈមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កិច្ចប្រជុំនៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
របៀបវារៈ ដែលត្រូវពិភាក្សានោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។
៥៖ បញ្ហាផ្សេងៗ៕