Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសថៃ រយៈពេល៣ថ្ងៃ

01-02-2018 07:23

(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសថៃ រយៈពេលបីថ្ងៃ។ នេះបើតាមការប្រកាសរបស់រដ្ឋសភា។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ផនពេជ្រ វិចិតឆុលឆ័យ (Pornpetch Wichitcholchai) ប្រធានសភានីតិប្បញ្ញត្តិថៃ។ ក្នុងឱកាសនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិថៃ រួមមាន ចូលជួបសម្តែងការគួរសមជាមួយ លោក សាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆ័យ, ចូលជួបសម្តែងការគួរសមជាមួយ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃផងដែរ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញដាក់កម្រងផ្កាថ្វាយ ព្រះបរមរូប ស្តេចរ៉ាម៉ាទី៧ និងអញ្ជើញទស្សនាព្រះបរមរាជវំាង និងវិហារព្រះកែវមរកត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងអញ្ជើញនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨៕