(ភ្នំពេញ)៖ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងប្រមុខដឹកនាំក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់សម្លាប់ ជនរងគ្រោះទាំង៣នាក់ រួមមាន មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះទាំងសម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជា និងស្នើទៅកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេតតាមចាប់ជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ចំណាត់ការខ្លាំងៗ និងមិនលើកលែងឲ្យក្រុមជនល្មើសខាងលើនេះ ពីប្រមុខដឹកនាំក្រសួងកងកម្លាំងប្រដាប់អាវុធទាំង២ បានធ្វើឡើងនៅក្នុងលិខិតចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ទាំង៣នាក់ ដែលបានផ្ញើជូនពួកគេនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខទាំង៣ច្បាប់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឧក្រិដ្ឋដែលច្បាប់បានហាមឃាត់ និងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារ នៅក្នុងលិខិតចូលរួមរំលែកទុក្ខទាំង៣ច្បាប់របស់ខ្លួន ក៏បានបញ្ជាក់យ៉ាងដូច្នេះផងដែរថា «ខ្ញុំសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឧក្រិដ្ឋដែលច្បាប់បានហាមឃាត់ និងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការស៊ើបអង្កេត និងចាត់វិធានការយ៉ាង ម៉ឺងម៉ាត់ តាមចាប់ជនល្មើសយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន ដែលបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស (ស្លាប់), ទី២៖ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការសមាគមនអភរិរក្សសត្វព្រៃ Wildlife Conservation Society (WCS) បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជាមួយគ្នានេះ ជនល្មើសដែលសង្ស័យជាអ្នកបាញ់ប្រហារទៅលើជនរងគ្រោះទាំង៣នាក់ គឺនាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ប៉ុន្តែរហូតមកដល់ពេលនេះ បាននិងកំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ផងដែរ៕