១ខែដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ ត្រួតពិនិត្យយានយន្តបានជាង១៥ម៉ឺនគ្រឿង រកឃើញយានយន្តល្មើសជាង២ម៉ឺនគ្រឿង និងផាកពិន័យជាង១៥០០គ្រឿង
31-01-2018 22:07
(ភ្នំពេញ)៖ រយៈពេលពេញ១ខែដំបូង នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដ ត្រួតពិនិត្យចំនួន ១៥០,៩៨២គ្រឿង រកឃើញយានយន្តល្មើស ២៥,៤៨៧គ្រឿង (ម៉ូតូ៨២ភាគរយ) ក្នុងនោះអប់រំ ១០,៤៥៩គ្រឿង និងផាកពិន័យ១៥,០២៨គ្រឿង (ម៉ូតូ៩១ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួម ចំនួន៧៦,៥០៩គ្រឿង អប់រំ៣,៣១៥គ្រឿង និងផាក់ពិន័យចំនួន១១,៥៥២គ្រឿង។
របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល១ខែដំបូងនេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១១,៥៥២គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕