(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានថ្លែងប្រាប់សមាជិក សមាជិកាគណបក្ស ប្រជាជនក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ខេត្តកំពង់ធំថា សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៏ ឆ្នើមនៃប្រជាជនកម្ពុជា និងជាស្នូលដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានក្រើនរំលឹកថា សមាជិកបក្សត្រូវស្មោះត្រង់ដាច់ខាតចំពោះបក្ស គោរពអនុវត្តម៉ឺងម៉ាត់តាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ដើម្បីបុព្វហេតុបក្ស ប្រទេសជាតិ និងប្រជាជន។ សមាជិកបក្សគ្រប់រូបត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារដែលបក្សប្រគល់ឲ្យ។
លោក ថោង ខុន ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្សប្រជាជនក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកបានសង្កត់ធ្ងន់ថា មាគ៌ានយោបាយជាយុទ្ធសាស្ត្ររបស់បក្ស គឺដឹកនាំប្រទេសជាតិឲ្យមានសន្តិភាព នាំមកនូវការអភិវឌ្ឍ និងសុភមង្គលជូនប្រទេសជាតិ និងប្រជាជន សម្រាប់ប្រជាជនគឺគ្មានអ្វីសប្បាយជាងសន្តិភាពនោះទេ ហើយមានសុខសន្តិភាព គឺមានអ្វីៗទាំងអស់ ហើយសច្ចធម៌នៃប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន។
ប្រធានក្រុមការងាររូបនេះ បន្ថែមថា សមាជិក សមាជិកសគណបក្សប្រជាជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ប្រវត្តិសាស្ត្រដែល សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន បានកសាងឡើង ក្នុងដំណើរលើផ្លូវដ៏វែងឆ្ងាយមួយ ដូចជាដំណើរទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ កាលពីឆ្នាំ១៩៧៧ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ និងការរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការចរចា ការតស៊ូការទូតលើផ្លូវដ៏វែងឆ្ងាយយ៉ាងលំបាកលំបិន ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ចាប់ពី ឆ្នាំ១៩៩៨ ដែលបាននាំមកនូវសន្តិភាព នយោបាយត្រីកោណ និងចតុកោណ នយោបាយអភិវឌ្ឍន៍ ការការពារ រដ្ឋធម្មនុញ្ញ ការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត មន្ត្រីរាជការ ឲ្យមានជីវភាពរស់នៅ រីកចម្រើនរហូតមកសព្វថ្ងៃនេះ។ល។
លោកបានបញ្ជាក់ថា ការខិតខំទាំងអស់នេះរបស់គណបក្សប្រជាជន និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងថ្នាក់ដឹកនាំដ៏ទៃទៀត របស់គណបក្សប្រជាជន គឺខុសទាំងស្រុងពីអតីតគណបក្សសង្គ្រោះជាតិ ដែលមាន សម រង្ស៊ី កឹម សុខា ដែលធ្វើអ្វីៗដើម្បីតែខ្លួនឯង និងបម្រើបរទេស ញុះញង់ឲ្យផ្ដាច់ជំនួយដល់កម្ពុជា បញ្ឈប់ការវិនិយោគនៅកម្ពុជា និងបញ្ឈប់ការទិញទំនិញពីកម្ពុជា ដែលជាការបំផ្លាញប្រទេសជាតិ និងប្រជាជនកម្ពុជាខ្លួនឯង។
ប្រទេសកម្ពុជាជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ បណ្តាប្រទេសដែលស្រលាញ់ សន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដលើពិភពលោក បានបង្ហាញឆន្ទៈគាំទ្រពេញចិត្តចំពោះកម្ពុជា ដែលកំពុងខិតខំថែរក្សាសន្តិភាព និងកំពុងដើរតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលកម្ពុជាបានអនុវត្តន៏ តាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុត្តិធម៌រាល់លើកកន្លងមក។ ប្រទេសទាំងនោះបានបង្ហាញនូវនយោបាយប្រឆាំងដាច់ខាត ចំពោះប្រជាធិបតេយ្យក្លែងក្លាយ ដែលនាំមកនូវចលនាបដិវត្តន៍ពណ៌ និងឈានទៅដល់ការបង្កើតសង្គ្រាម និងបំផ្លិចបំផ្លាញប្រទេសជាតិបំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក ថោង ខុន។
លោកថាពិភពលោក ពិសេសប្រទេសដែលស្រលាញ់សន្តិភាព កំពុងនាំគ្នាថែរក្សាសណ្ដាប់ធ្នាប់ ពិភពលោកទាំងមូល ប្រជាជនកម្ពុជាសប្បាយរីករាយ និងសំដែងការគាំទ្រណាស់ចំពោះ ការចាត់ការរំលាយគណបក្សសង្គ្រោះជាតិទាន់ពេលវេលាតាមផ្លូវច្បាប់របស់តុលាការកំពូលកន្លងមក ព្រោះថាការរំលាយគណបក្សសង្គ្រោះជាតិ ពិតជាមិនមែនជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ផ្ទុយទៅវិញ គឺជាការពារលទ្ធិប្រជាធិបតេយ្យ និងការពាររដ្ឋធម្មនុញ្ញពិតប្រាកដ ចំណាត់ការដ៏ត្រឹមត្រូវតាមផ្លូវច្បាប់នេះ គឺពិតជាវិធានការ ដ៏សក្តិសិទ្ធដើម្បីថែរក្សាសុខ សន្តិភាព និងស្ថេរភាពនយោបាយពិតប្រាកដនៅកម្ពុជា។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយរក្សាបានកំណើនក្នុងរង្វង់៧,៧% ក្នុងទសវត្សចុងក្រោយនេះ ដែលធ្វើឲ្យប្រទេសប្រែក្លាយជា ប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប និងបន្តឆ្ពោះទៅសម្រេចឲ្យក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ ដែលជាក់ស្តែងកន្លងមកប្រាក់បៀវត្តន៏ មន្ត្រីរាជការ បុគ្គលិក កម្មករ ត្រូវបានតម្លើងខ្ពស់ជាងមុន ដែលចាប់ពីខែមេសា ២០១៨នេះទៅ បៀវត្សន៍ អប្បបរមារបស់មន្ត្រីរាជការមិនតិចជាង១លានរៀល។ រីឯប្រាក់ឈ្នួលសម្រាប់កម្មករ មិនតិចជាង១៧០ដុល្លារ ចាពីឆ្នាំ២០១៨នេះ។ល។ ព្រមជាមួយនោះ គោលនយោបាយការពារសង្គម ត្រូវបានរាជដ្ឋាភិបាលគិតគូរដាក់ចេញជាបន្តបន្ទាប់។
ជាចុងបញ្ចប់ លោក ថោង ខុន បានរំលឹកដាស់តឿនដល់សមាជិកបក្សម្នាក់ត្រូវ បោះឆ្នោត១សន្លឹកជូនបក្ស និងត្រូវខិតខំចលនាប្រជាជនឲ្យបានយ៉ាងតិច ម្នាក់ទៀតបោះឆ្នោតជូនបក្ស៕