(ព្រះវិហារ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រកាសថា ត្រូវតែទប់ស្កាត់ឲ្យបានគ្រប់ចលនាណាមួយ ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ចង់បំផ្លាញសុខសន្តិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គម គឺត្រូវតែទប់ស្កាត់ឲ្យបាន។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវកងទ័ពទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីកម្ទេចចោលចលនាខុសច្បាប់ទាំងនេះ ដែលមករំខានសេចក្តីសុខរបស់ជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្ត រួមជាមួយលោកឧត្តមសេនីយ៍ទោ ពៅ ហេង មេបញ្ជាការរងយោធភូមិភាគទី៤ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការយោធ ភូមិភាគទី៤ បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៧ និងផែនការសកម្មភាពការងារយោធា ឆ្នាំ២០១៨ របស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានស្នើសុំឲ្យនាយទាហាន នាយទាហានរង និងពលទាហានយើងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទឲ្យបានម៉ឺងម៉ាត់ ព្រោះនេះជារឿងមួយដែលសំខាន់ ពីព្រោះបទបញ្ជាដែលបានដាក់ចេញហើយ ត្រូវតែអនុវត្តអោយបាន។
លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះទោះបីជាសភាពការណ៍ មានការស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលចោល ក៏ដោយ ក៏មិនប្រាកដថា អតីតថ្នាក់ដឹកនាំគណបក្សនេះ នៅស្ងៀមដែរ ពួកគេនឹងរកគ្រប់មធ្យោបាយដើម្បីបង្កើតនូវបញ្ហាផ្សេងៗ ក្នុងគោលបំណងឲ្យមានអសន្តិសុខដើម្បីដាក់បន្ទុក មកលើរដ្ឋាភិបាល យើងដូច្នេះក្នុងនាមយើងជាកងទព័ យើងត្រូវការពារដាច់ខាតរាជរដ្ឋាភិបាល ស្របច្បាប់ ដោយមិនត្រូវឲ្យមានចលនាណាមួយកើតឡើង ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល មានបំណងបំផ្លាញសុខសន្តិភាពក្នុងប្រទេសនោះទេ។
ជាមួយគ្នានេះផងដែរ លោក អ៊ុន ចាន់ដា ក៏បានសំណុំពរឲ្យ នាយ និងពលទាហានត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អតាំងពីថ្នាក់មេបញ្ជាការរហូតដល់ថ្នាក់ក្រោម។ ពង្រឹងសមត្ថភាពកងកម្លាំងឲ្យបានល្អ និងកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការឲ្បបានប្រសើរផងដែរ ត្រូវខិតខំជម្រុញការងារសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវខិតខំបង្រ្កាបបទល្មើសផ្សេងៗពិសេស បទល្មើសឆ្លងដែន និងបទល្មើសគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវបន្តការសហការល្អនៅតាមបណ្តោយព្រំដែន ឡាវ ថៃតាមរយការបង្កើតព្រឹត្តិការណ៍ហូបបាយសាមគ្គី លេងកីឡានិងការទំនាក់ទំនងល្អរវាងកងទព័ និងកងទព័តាមបណ្តោយព្រមដែនផងដែរ។
លោកឧត្តមសេនីយ៍ទោ ពៅ ហេង ក៏បានធ្វើការណែនាំដល់នាយទាហាន ដែលជាមេទិសនិមួយៗ ត្រូវមានផែនទីក្នុងរង្វង់តំបន់ដែលខ្លួនឈជើងឲ្យបានច្បាស់លាស់ ត្រូវយកចិត្តទុកដាក់លើការងារអប់រំចិត្តសាស្ត្រ ដល់នាយ និងពលទាហានតទៅទៀត ត្រូវយកចិត្តទុកដាក់ថែរក្សាអាវុធយុទ្ធភណ្ឌ័ និងគ្រឿងបរិក្ខាផ្សេងៗដែលបំរើឲ្យវិសយ័កងទព័៕
គួរបញ្ជាក់ថានៅក្នុងពិធីនោះក៍មានការបំពាក់ឋានន្តរសក្ក័ ប្រគល់បណ្ណ័សរសើរ ផ្ទេរភារកិច្ចដល់នាយនិងពលទាហ៊ានផងដែរ៕