(មណ្ឌលគិរី)៖ នាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ដែលរងការចោទថា បានបាញ់សម្លាប់មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីឧន្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការ WCS (យោងតាមរបាយការណ៍ដាក់ជូននាយឧត្តមសេនីយ៍ នេត សាវឿន) កាលពីរសៀលថ្ងៃម្សិលមិញនោះបាននិងកំពុងរត់គេចខ្លួន។
រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ខណៈមនុស្សចំនួន៥នាក់ (សាក្សី) ត្រូវបានគេរាយការណ៍ថា ត្រូវបានកោះអញ្ជើញទៅសួរនាំនៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រមូលព័ត៌មាននៃការបាញ់ប្រហារនេះ។
ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា រហូតមកដល់ម៉ោងនេះ យើងមិនទាន់រកឃើញនាយនគរបាលប៉ុស្តិ៍អូររលែនៅឡើយទេ និងមន្រ្តីយោធាទាំងនោះ តាំងពីក្រោយកើតហេតុមកម្ល៉េះ តែកម្លាំងយើង ក៏បាននិងកំពុងតាមរកផងដែរ។
ដោយឡែកសម្រាប់គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិមួយក្រុម ដែលបានចុះទៅប្រមូលព័ត៌មានពេញមួយថ្ងៃនេះ ក៏មិនទាន់មានលទ្ធផលនៅឡើយទេ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមាជិកគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅយប់ថ្ងៃនេះផងដែរថា ខាងគណៈកម្មាធិការថ្នាក់ជាតិបានចុះទៅប្រមូលព័ត៌មាន និងចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុតែម្តងពេញមួយថ្ងៃនេះ ហើយក៏បានសួរនាំមនុស្សចំនួន៥នាក់ផងដែរដែលជាសាក្សី។
បើតាមឧត្តមសេនីយ៍ ហុង វិណុល បានឲ្យដឹងថា សម្រាប់លទ្ធផលនៃការស៊ើបអង្កេតនេះ នៅមិនទាន់បង្ហាញនោះទេ ដោយរង់ចាំការស្រាវជ្រាវចប់សិន ហើយការងារនេះនឹងបន្តនៅស្អែកទៀត។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលហាក់មិនចង់និយាយអ្វីទាំងអស់នោះ បានត្រឹមតែបញ្ជាក់យ៉ាងខ្លីថា «មកដល់ម៉ោងនេះខាងសមត្ថកិច្ចខេត្ត និងខាងថ្នាក់ជាតិ បាននិងកំពុងប្រមូលព័ត៌មានជុំវិញការបាញ់ប្រហារនេះហើយ តែនៅមិនទាន់ដឹងនៅឡើយទេ»។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)។
លោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីម៉ា បានថ្លែងរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែមករាឲ្យដឹងយ៉ាងដូច្នេះថា៖
រឿងហេតុដំបូងដែលបានកើតឡើងនោះ គឺមានជនរងគ្រោះសរុប៤នាក់ ទាំងមន្ដ្រីអាវុធហត្ថ ទាំងមន្ដ្រីឧទ្យានុរក្សរបស់លោក ទាំងបុគ្គលិកអង្គការ WCS និងអ្នកភូមិម្នាក់ទៀត ជិះម៉ូតូ២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេលនោះពួកគេបានពើបជាមួយជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុងប្រព្រឹត្តិបទល្មើសព្រៃឈើ។
ពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មកលោក ដែលជានាយកដែនជម្រកសត្វព្រៃកែវសីម៉ា តែលោកបានប្រាប់ទៅវិញថា គ្នាតិចដូច្នេះឲ្យត្រឡប់មកវិញសិន ដើម្បីយកកម្លាំងទៅថែមឈានទៅដល់ការបង្ក្រាប។ នៅពេលដែលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងភូមិ។
លោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់ និងមិនហ៊ាននិយាយថា អ្នកបាញ់ប្រហារនោះជានរណាឡើយ បើទោះបីព័ត៌មានខ្លះបានឲ្យដឹងថា ជានគរបាលការពារព្រំដែន និងយោធាការពារព្រំដែន នៅតំបន់នោះ។
ដោយឡែកមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបមកដល់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ ពេលនោះនាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ៦២១ បានចេញមកជួបក្រុមមន្ដ្រីទាំងនេះ អាចសង្ស័យថា មកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសនៅទីនោះ។
សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។
សមត្ថកិច្ចដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ។ ការបញ្ជាក់យ៉ាងដូច្នេះ ក៏វាត្រូវជាមួយនឹងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ ដែលថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។
បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះ សេក វឌ្ឍនា មានស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់ត្រូវ៣គ្រាប់, ជនរងគ្រោះ តើន សុខណៃ ត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ស្លាប់នៅនិងកន្លែង ដោយឡែកជនរងគ្រោះ ថុល ខ្នា ត្រូវមួយគ្រាប់ចំពោះ ធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួន២សំបកផងដែរ។
សម្រាប់សពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ ខណៈសំណុំរឿងដ៏ក្តៅគគុកនេះ ស្ថិតក្រោមការស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត៕