(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកុម្ភៈស្អែកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ ឈានចូលអាណត្តិថ្មី ឆ្នាំ២០១៨-២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
ជាមួយនឹងការរៀបចំមហាសន្និបាតទ្រង់ទ្រាយធំរយៈពេល ២ថ្ងៃពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន ពិសេសគឺទិសដៅដ៏ច្បាស់លាស់ក្នុងការបាញ់ឆ្ពោះទៅដណ្ដើមមេដាយមក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយប្រសិនបើគ្រប់សហព័ន្ធកីឡាជាតិ អនុវត្ត និងសម្រេចបានតាមផែនការ NOCC ដាច់ចេញ នោះកម្ពុជានឹងទទួលបានជោគជ័យ អាចឈរចំណាត់ថ្នាក់លេខ៥(Top-5) ក្នុងចំណោមប្រទេសអាស៊ានទាំង ១១ប្រទេសទៀតផង ។ សម្ដីលោក វ៉ាត់ ចំរើន ។
អគ្គលេខាធិការ NOCC រូបនេះ បានថ្លែងប្រាប់អង្គរភាព Fresh News នាល្ងាចនេះថា «អាណត្តិទី៧ របស់ NOCC គឺជាអាណត្តិស្លាប់រស់ ដោយក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន នឹងដាក់ចេញនូវផែនការយុទ្ធសាស្ដ្រច្បាស់លាស់ ពិសេសការដាក់សន្ទុះកំណត់ឲ្យសហព័ន្ធទាំងអស់ ប្ដេជ្ញាចិត្តដណ្ដើមមេដាយឲ្យបានតាមការដាក់សន្ទុះ ដែលនឹងប្រកាសក្នុងមហាសន្និបាតស្អែកនេះ...។ បើសិនសន្ទុះនៃការដាក់នេះ សម្រេចបានជោគជ័យ ឬក៏លើសពីផែនការ កម្ពុជាយើង នឹងទទួលបានលទ្ធផលល្អជាប្រវត្តិសាស្ដ្រ ក្នុងការរៀបចំស៊ីហ្គេមលើកដំបូង ហើយអាចឈានទៅកម្រិត Top-5 ក្នុងចំណោម ១១ប្រទេស» ។
បន្ថែមលើនេះ លោកបានបញ្ជាក់ថា មហាសន្និបាតស្អែកនេះ នឹងមានការជជែកវែកញែកយ៉ាងផុសផុលបំផុត ជាមួយនឹងតំណាងគ្រប់សហព័ន្ធកីឡាជាតិ ដើម្បីលើកយកមកដោះស្រាយនូវរាល់គ្រប់បញ្ហាប្រឈមទាំងឡាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់គោលដៅដាច់ខាតត្រូវធ្វើកការដោះស្រាយ ដើម្បីឆ្លុះបញ្ចាំងពីកម្លាំងរួបរួមគ្នាគិត រួបរួមគ្នាធ្វើ និងរួបរួមគ្នាទទួលខុសត្រូវ ចំពោះវាសនានៃការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ ព្រោះនៅសល់រយៈពេល ៥ឆ្នាំទៀតប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នឹងមកដល់ ។
សូមបញ្ជាក់ថា មុនឈានព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីអច្ឆរិយរបស់កម្ពុជា គឺត្រូវឆ្លងកាត់ការរៀបចំ ២លើកទៀត ពោលគឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។ ដូច្នេះកម្ពុជាមានពេលវេលារៀបចំខ្លួនរយៈពេល ៤ឆ្នាំទៀត បើគិតត្រឹមឆ្នាំ២០២២ ដែលជាឆ្នាំត្រូវកំណត់ប្រភេទកីឡា ដាក់បញ្ចូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕