(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិ, លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បាននាំយកអំណោយ និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលទើបទទួលបានតាមរយៈសកម្មភាពមនុស្សធម៌របស់ព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រួចៅអធិការវត្តព្រែកស្តី ទៅប្រគល់ជូនជនចាស់ជរា ពិការ គ្មានទីពឹង ចំនួន៣០គ្រួសារ ក្នុងឃុំប្រម៉ោយ និងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកស្រី ឯម ប៉ុណ្ណា បានថ្លែងថា បងប្អូនរស់នៅសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចមូលដ្ឋាន ហេតុនេះបើមានករណីអ្វីកើតឡើង គប្បីផ្តល់ដំណឹងជាបន្ទាន់ ដើម្បីឲ្យជំនាញ និងស្ថាប័នពាក់ព័ន្ធបានឆាប់រហ័ស ងាយស្រូលក្នុងការដោះស្រាយជូន។ ជាក់ស្តែងថ្ងៃនេះដោយមើល ឃើញពីកង្វះខាតរបស់ជនចាស់ជរា ពិការ គ្មានទីពឹង សាខាសមាគមនារីខេត្ត បានចុះមក ដើម្បីបានដឹង បានឃើញ និងស្វែងយល់អំពីស្ថានភាព រស់នៅ របស់លោកយាយ លោកតា ដើម្បីមានវិធានការឆ្លើយតប។
លោកស្រី ឯម ប៉ុណ្ណា បានបន្តថា បើទោះបីជាអំណោយ ក៏ដូចជាសម្ភារៈប្រើប្រាស់ទាំងនេះតិចតួចក្តី តែជាការចែករំលែកដល់ពលរដ្ឋខ្វះខាត នៅមូលដ្ឋាន ដែលទាមទារត្រូវបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត។ លោកស្រី ក៏បានសំណូមពរដល់លោកតា លោកយាយ ត្រូវខិតខំថែរក្សាសុខភាព ទទួលទានអាហារប្រកបដោយអនាម័យ ពោលគឺ ហូបស្ងាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវប្រាប់អ្នកជិតខាង និងរដ្ឋអំណាចមូលដ្ឋាន។ ហើយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ លោកយាយ លោកតា អាចទៅចូលរួមពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ស.ស.យ.ក នៅវិទ្យាល័យប្រម៉ោយបាន។
គួរបញ្ជាក់ថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាអង្គការមហាជន ដែលបានបំផុសបងប្អូននារីគ្រប់ស្រទាប់ វណ្ណៈទាំង ក្នុង និងក្រៅប្រទេស រួមជាកម្លាំងគាំទ្រ និងអនុវត្តគោលការណ៍១១(ខ) និងមានទស្សនៈវិស័យរបស់ខ្លួនគឺ អ្វីៗទាំងអស់ដើម្បីសុខមាលភាពរបស់ស្រ្តី និងកុមារនៅក្នុងសហគមន៍។
អំណោយ និងសម្ភារៈដែលត្រូវប្រគល់ជូន ជនចាស់ជរា ពិការ គ្មានទីពឹងទាំង៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ១០គីឡូក្រាម កែវថ្ម៤ ឃីត១កញ្ចប់ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកា៥ម៉ឺនរៀល។ ដោយឡែក ក្នុងថ្ងៃដដែលនោះ ប្រតិភូសាខាសមាគមនារីខេត្ត ក៏បាននាំយកបច្ច័យ ជាង១លានរៀន ទៅចូលរួមបុណ្យផ្កា កសាងសាលាពុទ្ធិកបឋមសិក្សាវត្តបុទុមពរ ហៅវត្តប្រម៉ោយ និងបានប្រគេនបច្ច័យ ជាង១លានរៀល បន្ថែមទៀតសម្រាប់ព្យាបាលអាពាធ របស់ព្រះគ្រូចៅអធិការវត្តប្រម៉ោយ និងជាព្រះគ្រូអនុគណស្រុកវាលវែងផងដែរ៕