(បាត់ដំបង) ៖ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការបក្សស្រុកសង្កែ ខេត្តបាត់ដំបង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្កែ លោក លោក ឡោក ហ៊ួរ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្ស ដែលមកពីមូលដ្ឋានស្រុក ឃុំទាំង១០ក្នុងស្រុកសង្កែខេត្តបាត់ដំបង សរុបអ្នកចូលរួមប្រមាណ៣០០នាក់ ។
លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយស្រុកសង្កែ ខេត្តបាត់ដំបង បានថ្លែងថា នៅក្នុងអង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គឺបានឆ្លងនូវខ្លឹមសារសំខាន់ៗ៤ រួមមាន៖ ខ្លឹមសារទី១៖ គឺឆ្លងរបាយការណ៍បូកសរុប ការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨ ខ្លឹមសារទី២៖ ឆ្លងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ដឹកនាំ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ខ្លឹមសារទី៣៖ គឺការណែនាំ ផែនការឆ្ពោះទៅការបោះឆ្នោត ជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ខ្លឹមសារទី៤៖ គឺអង្គមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូប ដល់៨៦៥រូប បានន័យថា បន្ថែម៣៤២រូប ហើយជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានពិភាក្សាមួយថ្ងៃពាក់ព័ន្ធ ការដឹកនាំឆ្នាំ២០១៧ ដល់២០១៨ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោកតំណាងរាស្រ្តបានគូសបញ្ជាក់ថា អង្គសន្និបាតទាំងមូលបានធ្វើការគាំទ្រពីកិច្ចខិតខំប្រឹងប្រែង របស់ រាជរដ្ឋាភិបាល នីតិកាល ទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុង ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានសម្រេច នូវសមទ្ធិផលថ្មីៗ ជា ច្រើនជូនជាតិ និងប្រជាជនកម្ពុជា។
កត្តាជាក់ស្តែងលើការការពារខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមជាដើម ព្រមទាំងចលនាករ នៃ ការកំណែទម្រង់គ្រប់ផ្នែក គ្រប់វិស័យ ក្នុងទិសដៅ ដ៏ត្រឹមត្រូវ និងទទួលបានជាផ្លែផ្កា។ ចំពោះ វិស័យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ ៧% អតិផរណាត្រូវរក្សា ឲ្យស្ថិតក្នុងរង្វង់ ៣,៥% អត្រាប្តូរប្រាក់ រៀល មាន ស្ថិរភាព ហើយបានកំពុងចាកចេញផុត ពីប្រទេស ដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
នៅក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងនូវសមទ្ធិផលធំៗមួយចំនួនទៀត ដែលគណបក្សប្រជាជនកម្ពុជា ក៍ដូចជា រាជរដ្ឋាភិបាលសម្រេចបានក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដំណោះស្រាយ នយោបាយ និងវប្បធម៌ សន្ទនាដើម្បីជម្រុញការ បង្រួបបង្រួមជាតិ រួមគ្នាជាកម្លាំង ការពារសមទ្ធិផលសង្គម អភិវឌ្ឍន៍ប្រទេស បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតគណបក្សប្រជាជនកម្ពុជា ក៏បានគាំទ្រ នូវការលប់ ចោលការធ្វើប័ណ្ណបើកបរ ទោចក្រយានយន្ត សម្រេចព្យួរការបង់ពន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ជាកេរ្តិ៍ មរតកពីឪពុកម្តាយ ជីដូនជីតា មកឲ្យកូនចៅ និងដំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ និងកម្មកររោងច្រក ព្រមទាំងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅមន្ទីររដ្ឋដោយឥតបង់ថ្លៃ។
លោកបានបន្តថា មហាសន្និបាត បានលើកឡើង នូវយន្តការសំខាន់ ៗ របស់គណបក្សប្រជាជនកម្ពុជា ដើម្បី យកប្រៀបឈ្នះចំពោះមុខនៅតាមបណ្តាមូលដ្ឋាន ក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ/សង្កាត់ និង ជ្រើសរើសតំណាងរាស្ត្រ នីតិកាល ទី៦ មន្ត្រីគណបក្សគ្រប់រូប គ្រប់ជាន់ថ្នាក់ ត្រូវលើកកម្ពស់ ស្មារតី ទទួលខុសត្រូវ បន្តចូលរួម ក្នុងការកំណែទម្រង់ ឲ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយ ប្រសិទ្ធភាព មានលក្ខណៈពេញលេញ ដោយតាំងចិត្ត ខ្ពស់តាមអភិក្រម (ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល) ដែលមាន សារសំខាន់ ចំពោះប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា ។
លោក ឡោក ហ៊ួរ បានធ្វើការក្រើនរំលឹកដល់មន្ត្រីគណបក្ស និងក្រុមការងារ ថ្នាក់ ស្រុក ឃុំ ទាំងអស់ ត្រូវ ពង្រឹងយកចិត្តទុកដាក់ នៅតាមមូលដ្ឋានរបស់ខ្លួន អំពីទុក្ខ លំបាករបស់ប្រជាជន និង ជម្រុញប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណ សញ្ញាតិខ្មែរ និងទៅចុះឈ្មោះ ក្នុងបញ្ជី បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងខិតខំចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ - ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ផងដែរ៕