(ប្រទេសចិន)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅជួបពិភាក្សាការងារជាមួយនឹងលោក Zhang Guoqing អភិបាលក្រុងធានជីន និងជាអនុប្រធានអគ្គលេខាធិការបក្សក្រុងធានជីន ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ មួយចំនួនទៀតរវាងប្រទេសទាំងពីរ។
ការជួបពិភាក្សាការងាររវាង រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា និងអភិបាលក្រុងធានជីនប្រទេសចិននេះ ធ្វើឡើងនាថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្នុងដំណើរបេសកកម្ម ទៅកាន់ទីក្រុងធានជីន។
លោករដ្ឋមន្រ្ដី ប៉ាន សូរស័ក្ដិ បានជម្រាបដល់ភាគីចិនថា ដោយសារតែកម្ពុជា រក្សាបាននូវសន្តិសុខ និងស្ថិរភាពនយោបាយល្អ ទើបធ្វើឲ្យមានការរីកចម្រើនស្ទើគ្រប់វិស័យ។ ក្នុងនោះដែរលោករដ្ឋមន្រ្ដី ក៏បានស្នើឲ្យភាគីចិនទទួលទិញផលិតផលកសិកម្មកម្ពុជា ដែលរួមមាន ដំឡូងមី, ពោត, ចេក, អង្ករ, ស្វាយចន្ទី និងផ្លែមៀនជាដើម។
លោក Zhang Guoqing អភិបាលក្រុងធានជីន ក៏បានយល់ស្រប់គ្នាថា កម្ពុជា-ចិន គួរតែមានកិច្ចសហប្រតិបត្តិការល្អៗលើវិស័យសំខាន់ៗមួយចំនួនដូចជា កិច្ចសហការរវាងកំពង់ផែធានជីន និងកំពង់ផែខេត្តព្រះសីហនុ និងស្នើឲ្យមានកិច្ចសហការក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដោយឲ្យវិទ្យាស្ថាន បណ្ដុះបណ្ដាលពាណិជ្ជកម្មធ្វើការជាមួយមន្ទីរអប់រំក្រុងធានជីន។
គួរបញ្ជាក់ថា ធានជីន ជាទីក្រុងកំពង់ផែដ៏ធំ នៅភាគខាងជើងនៃប្រទេសចិន និងជាច្រកបញ្ចេញទំនិញពីរដ្ឋធានីប៉េកាំងផងដែរ។ បច្ចុប្បន្ន មានក្រុមហ៊ុនកម្ពុជាចំនួន៤កំពុងវិនិយោគនៅធានជីន និងមានក្រុមហ៊ុនចិន ពីក្រុងធានជីនចំនួន១៦កំពុងវិនិយោគនៅកម្ពុជា ដែលមានទុនវិនិយោគជាង៨០០លានដុល្លាអាមេរិក៕