(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំង និងសហការី បានចូលរួម ពិធីដង្ហែមាឃបូជា ដែលប្រារព្ធនៅក្នុងវត្តព្រៃអង្គរក្នុង ដែលជាទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន។
ពិធីដង្ហែមាឃបូជានេះ ដោយមានកិច្ចសហការចូលរួមពី គណៈមន្ត្រីសង្ឃស្រុក ព្រះចៅអធិការវត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ លោកតា លោកយាយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៣០០អង្គ/នាក់។
ពិធីនេះ ប្រារព្ធនៅក្នុងវត្តព្រៃអង្គរក្នុង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។
លោក លី ឡេង បានថ្លែងថា ទីរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី បានជួយស្តារ និងអភិវឌ្ឍ ព្រមទាំបានធ្វើការអភិរក្សឡើងវិញសម្រាប់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋបានធ្វើបុណ្យទានតាមប្រពៃណី ព្រះពុទ្ធសាសនា។
លោក លី ឡេង ក៏បានបន្ថែមទៀតថាអ្វីៗ ដែលយើងបានមកជួបជុំគ្នា និងបានធ្វើបុណ្យទាននាពេលនេះ ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ផងដែរហើយសុខសន្តិភាពដែលបានកើតឡើងរហូតដល់សព្វថ្ងៃនេះ ក៏ដោយសារមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជាយើង បានធ្វើពលីកម្មគ្រប់បែបយ៉ាងរួមនឹងការបូជាអាយុជីវិត សាច់ស្រស់ ឈាមស្រស់ របស់វីរយុទ្ធជន និងប្រជាជនយើងផងដែរ។
លោក លី ឡេង បានបញ្ជាក់ថា ពិធីដង្ហែមាឃបូជា គឺក្នុងគោលដំណងផ្សាភ្ជាប់ ជាមួយព្រះពុទ្ធសាសនារបស់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឲ្យចូលរួមថែរក្សាប្រពៃណីបុរាណ ឲ្យកាន់តែរឹងមាំជាងនេះ ក្រោយពីបំរើភារកិច្ចការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕