(ភ្នំពេញ)៖ រហូតដល់ពេលនេះ ការបោះបង្គោលព្រំដែនធំរបស់កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង-ឡុងអាន/តៃនិញ សម្រេចបាន៨០ភាគរយហើយ ខណៈដែលភាគីទាំងពីរកំពុងបន្តដោះស្រាយចំពោះការបោះបង្គោលសេសសល់២០ភាគរយៈទៀត ឱ្យបានបញ្ចប់នៅពេលខាងមុខនេះ។ នេះបើតាម លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ​Fresh News នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។

លោកស្រី កុយ ពិសី បានបញ្ជាក់ថា «លទ្ធផលដែលខេត្តទាំងពីរសម្រេចបានរហូតមកដល់ពេលនេះ គឺបោះនិងសាងសង់រួចជាស្ថាពរបង្គោលព្រំដែនធំ បានចំនួន៨០% នៅសល់ ២០% កំពុងបន្តការដោះស្រាយ។ ក្រៅពីបង្គោលព្រំដែនធំចំនួន១១០បង្គោល ភាគីទាំងពីបានបោះបង្គោលបំពេញបន្ថែម ចំនួន២៦៦បង្គោល និងបង្គោលតម្រុយចំនួន៣១ បង្គោលបន្ថែម ទៀតនៅតាមបណ្តោយខ្សែព្រំដែន រវាងខេត្តទាំងពីរ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូព្រំដែន រួមដំណើរដោយអាជ្ញាធរដែនដី និងស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យការសាងសង់បញ្ចប់បង្គោលព្រំដែនបំពេញបន្ថែម នៅតំបន់ដែលឯកភាពគ្នារវាងកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង និងបានចុះពិនិត្យការសាងសង់ផ្លូវនៅតាមព្រំដែន នៃខេត្តស្វាយរៀង និងខេត្តឡុងអាន/តៃនិញ។

ក្រៅពីចុះទៅវញ្ចប់ការសាងសង់បង្គោល លោកស្រី កុយ ពិសី ក៏បានទៅត្រួតពិនិត្យ ការសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន និងបានទៅសួរសុខទុក្ខ កម្លាំងឈរជើង នៅតាមព្រំដែន ដោយបាននាំទៅ ជាមួយគ្រឿងឧបភោគបរិភោគ និងជូននូវថវិកាមួយចំនួនឧបត្ថម្ភដល់ពួកគាត់ ផងដែរ៕