(ភ្នំពេញ)៖ តារាងបង្ហាញពីកម្មវិធីបុណ្យសពរបស់មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស លោក សេក វឌ្ឍនា ដែលរងនូវការបាញ់ប្រហាររហូតស្លាប់ ជាមួយមន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីម្សិលមិញនោះ ត្រូវបានអាវុធហត្ថបង្ហាញ ដោយតម្កល់ធ្វើបុណ្យនៅក្នុងវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ ដោយនៅថ្ងៃទី៣ ខែកុម្ភៈ សពនឹងត្រូវបូជា។
ក្នុងកម្មវិធីបុណ្យសពបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងអញ្ជើញគោរពវិញ្ញាណក្ខណ្ធ និងបំពាក់ឋានន្ដរស័ក្ដិ។
នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ សពលោក សេក វឌ្ឍនា ត្រូវបានដឹកមកដល់វត្តសន្សំកុសល ខណ្ឌមានជ័យហើយ ដើម្បីប្រគល់ជូនក្រុមគ្រួសារ រៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Worldlife Conservation Society (WCS)។
ការបាញ់ប្រហារនេះ ជាជំហានដំបូងគេសង្ស័យទៅលើនាយនគរបាលប៉ុស្តិ៍ព្រំដែនអូររលែ គឺលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ ក្រោយពេលដែលបានឈ្លោះប្រកែកជាមួយក្រុមជនរងគ្រោះ រឿងបទល្មើសព្រៃឈើ។ យ៉ាងណាក៏ដោយ នៅពេលនេះ គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បាន និងកំពុងបើកការស្រាវជ្រាវរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធរហូតស្លាប់មនុស្សយ៉ាងដូច្នេះ៕