(ប៉ៃលិន)៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ី ឈាន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយមូលដ្ឋានខេត្តប៉ៃលិន បានចុះផ្សព្វផ្សាយ សេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំសមាជិកសមាជិកា គណបក្សដែលមកពីមូលដ្ឋានឃុំទាំង៤ នៅស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន។
លោក អ៊ី ឈាន បានថ្លែងថា នៅក្នុងអង្គមហាសន្និបាតទូទាំង ប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គឺបានឆ្លងនូវខ្លឹមសារ៤ ជាសំខាន់រួមមានទី១៖ គឺឆ្លងរបាយការណ៍បូកសរុបការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨, ទី២៖ ឆ្លងតាមកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ដឹកនាំក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣, ទី៣៖ គឺការណែនាំផែនការឆ្ពោះទៅការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា, ទី៤៖ អង្គមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើស បំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូប ដល់៨៥៥រូប មានន័យថា បន្ថែម៣៤២រូប ហើយជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានពិភាក្សាមួយថ្ងៃពាក់ព័ន្ធការដឹកនាំឆ្នាំ២០១៧ ដល់២០១៨ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោក អ៊ី ឈាន បានបន្តថា អង្គសន្និបាតទាំងមូលបានធ្វើការគាំទ្រពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានសម្រេចនូវសមទ្ធិផលថ្មីៗ ជាច្រើនជូនជាតិ និងប្រជាជន។ កត្តាជាក់ស្តែងលើការការពារខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមជាដើម ព្រមទាំងចលនាករ នៃការកំណែទម្រង់គ្រប់ផ្នែកគ្រប់វិស័យ ក្នុងទិសដៅដ៏ត្រឹមត្រូវ និងទទួលបានជាផ្លែផ្កា។ ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់៧% អតិផរណាត្រូវរក្សាឲ្យស្ថិតក្នុងរង្វង់៣,៥% អត្រាប្តូរប្រាក់រៀល មានស្ថិរភាព ហើយបានកំពុងចាកចេញផុតពីប្រទេស ដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាប។
លោក អ៊ី ឈាន បានលើកឡើងនូវសមទ្ធិផលធំៗ មួយចំនួនទៀត ដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលសម្រេចបានក្នុងការ ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដំណោះស្រាយ នយោបាយ និងវប្បធម៌ សន្ទនាដើម្បីជំរុញការបង្រួបបង្រួមជាតិរួមគ្នាជាកម្លាំង ការពារសមទ្ធិផលសង្គម អភិវឌ្ឍន៍ប្រទេស បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតគណបក្សប្រជាជនកម្ពុជា ក៏បានគាំទ្រនូវការលប់ ចោលការធ្វើប័ណ្ណបើកបរ ទោចក្រយានយន្ត សម្រេចព្យួរការបង់ពន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ ជាកេរ្តិ៍ មរតកពីឪពុកម្តាយ ជីដូនជីតា ដល់កូនចៅ និងដំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ និងកម្មកររោងច្រក ព្រមទាំងព្យាបាលជំងឺដោយឥតគត់ថ្លៃ។
លោក អ៊ី ឈាន បានបញ្ជាក់ថា មហាសន្និបាតបានលើកឡើង នូវយន្តការសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីយកប្រៀបឈ្នះចំពោះមុខ នៅតាមបណ្តាមូលដ្ឋាន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ និងជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ មន្ត្រីគណបក្សគ្រប់រូប គ្រប់ជាន់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវបន្តចូលរួមក្នុងការកំណែទម្រង់ឲ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ដោយតាំងចិត្តខ្ពស់តាមអភិក្រម (ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល) ដែលមានសារសំខាន់ចំពោះប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា៕