(សៀមរាប)៖ ប្រាសាទ «នាគរាជតេជោមរកត» សម្រាប់តម្កល់ព្រះបិតានាគ (ស្តេចនាគ) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីសក្ការៈសម្រាប់គោរពសុំ សេចក្តីចំរុងចម្រើន ត្រជាក់ត្រជុំ ដល់ប្រជាពលរដ្ឋនោះ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ។
ពិធីខាងលើនេះ បានរៀបចំធ្វើឡើងក្រោម អធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប, លោកស្រី ហ៊ុន សេងនី ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ឧកញ៉ា សប្បុរសជន ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ លោកយាយ-លោកតា លោកពូ-អ្នកមីង លោកគ្រូ-អ្នកគ្រូ ក្មួយៗ កាយរិទ្ធ កាកបាទក្រហមកម្ពុជា សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកស្រី ម៉ែន សំអន បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែ មានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខទុក្ខ ជាមួយបងប្អូន ជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាក សព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកស្រីថា សម្តេចទាំងពីរ គឺជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លា ក្នុងសតវត្សរ៍ទី២១នេះ ដោយបានប្រែក្លាយពីប្រទេស ដែលពោរពេញ ទៅដោយសង្រ្គាម មកជាប្រទេសដែលមានការ រីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យ ព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ។
លោកស្រី បានថ្លែងអំណរគុណចំពោះលោកស្រី ហ៊ុន សេងនី រួមទាំងសប្បុរសជនជាច្រើន ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន៤១៧,១៦៨ដុល្លារ ដើម្បីសាងប្រាសាទ «នាគរាជតេ ជោមរកត» នេះ ក្រោមកិច្ចសហការ និងសម្របសម្រួល របស់អាជ្ញាធរ ខេត្តសៀមរាប និងអាជ្ញាធរអប្សារា បានកសាងសមិទ្ធិផលទាំងនេះ ឲ្យសម្រេចចេញជារូបរាងឡើង។
លោកស្រីបន្ដថា ពិធីសម្ពោធឆ្លងនាពេលនេះ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍជាតិផង និងបានទទួលអានិសង្ឃផល បុណ្យយ៉ាងត្រចះត្រចង់ផងដែរ។ ក្នុងគោលបំណងពិត នៃការកសាងប្រាសាទនេះ គឺមានតាំងពីបុរាណមក។
ព្រះមហាក្សត្រខ្មែរ ក្នុងសម័យអង្គរបានបន្សល់ទុក នូវជំនឿ និងទំនៀមទំលាប់មួយចំនួន ដើម្បីការការពារនគរតាមបែបបុរាណ សម្រាប់អ្នកដឹកនាំជំនាន់ក្រោយៗ ដោយបានបង្ហាញការ កសាងប្រាសាទសិលាដ៏រឹងមាំ ស្ថិតស្ថេរ គង់វង្ស នៅលើផែនដី តាមរយៈការផ្សំផ្គុំដុំសិលាជាច្រើន ម៉ឺនសែនដុំ រួមបញ្ចូលគ្នា ឲ្យលេចផុសត្រដែតឡើង ចេញជារូបប្រាង្គប្រាសាទសិលា យ៉ាងល្អវិចិត្រ ប្រណិតគ្មានពីរលើលោក ដោយបង្កប់ទស្សនវិជ្ជាពាក់ព័ន្ធនឹងសង្គម នយោបាយ សិល្បៈ វប្បធម៌។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជួបជុំគ្នា ក្នុងកម្មវិធីឆ្លងសមិទ្ធិផលប្រាសាទនេះ គឺចំថ្ងៃទី១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃដែលរាជរដ្ឋាភិបាល និងពុទ្ធសាសនិកកម្ពុជា ទូទាំងប្រទេស បានប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាពីធីបុណ្យមួយ ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន មាឃបូជា ពិសាខ បូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។
បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្ត មកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់៕