(មណ្ឌលគិរី)៖ ការបាញ់ប្រហារមួយបានកើតឡើងមិនតិចជាង១០គ្រាប់ នៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Worldlife Conservation Society (WCS)។
ការបាញ់ប្រហារនេះពិតជាព្រឹត្រិ្ដការណ៍មួយ ដែលធ្វើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនានាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបញ្ជាឲ្យសមត្ថកិច្ចជំនាញនៅតាមអង្គភាពនានា រួមសហការគ្នាបើកប្រតិបត្តិការចុះទៅស្រាវជ្រាវជាបន្ទាន់ផងដែរ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ។
ហេតុការណ៍នេះបានកើតឡើងចន្លះពីម៉ោង៤ ទៅម៉ោង៥ ប៉ុន្ដែការភ្ញាក់ផ្អើលនិងចេញផ្សាយព័ត៌មាននៅវេលាម៉ោងជិត៧យប់ម្សិលមិញ ក៏ព្រោះតែតំបន់កើតហេតុនោះនៅក្នុងព្រៃ ពោលនៅចំងាយមិនដល់កន្លះគីឡូផង នៃព្រំដែនកម្ពុជា-វៀតណាម។
ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋនានាពិតជាចង់ដឹង ពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានការបាញ់ប្រហារនេះយ៉ាងខ្លាំងមែនទែន ថាតើផ្ដើមចេញពីសមត្ថកិច្ចខាងណាឲ្យពិតប្រាកដ ហើយមូលហេតុចម្បងដែលម្នាក់ៗដាក់ការសង្ស័យជារួមនោះគឺពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើជាក់ជាមិនខានឡើយ។
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បានធ្វើដំណើរចុះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវរកមូលហេតុ និងជនដែលពាក់ព័ន្ធនៃការផ្ទុះអាវុធ រហូតស្លាប់មនុស្សយ៉ាងដូច្នេះ ប៉ុន្ដែលទ្ធផលយ៉ាងណានោះមិនទាន់ត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅថ្ងៃនេះ។
ជាមួយនឹងរបាយការណ៍ក៏ដូចជាព័ត៌មានពីប្រភពផ្សេងៗ ដែលបណ្ដាញសារព័ត៌មាន Fresh News ប្រមូលបាននឹងអាចចាត់ទុកថា ជាមូលហេតុខ្លះដែលនាំឲ្យមានការផ្ទុះអាវុធ រហូតស្លាប់៣នាក់យ៉ាងដូច្នេះនោះគឺ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ហើយមានសមត្ថកិច្ចមួយចំនួន ស្ថិតនៅក្នុងសំណុំរឿងនេះ និងកំពុងត្រូវបានស៊ើបអង្កេត។
លោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីម៉ា បានថ្លែងរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣១ ខែមករាឲ្យដឹងយ៉ាងដូច្នេះថា៖
រឿងហេតុដំបូងដែលបានកើតឡើងនោះ គឺមានជនរងគ្រោះសរុប៤នាក់ ទាំងមន្ដ្រីអាវុធហត្ថ ទាំងមន្ដ្រីឧទ្យានុរក្សរបស់លោក ទាំងបុគ្គលិកអង្គការ WCS និងអ្នកភូមិម្នាក់ទៀត ជិះម៉ូតូ២គ្រឿងចូលទៅល្បាតព្រៃឈើ។ ពេលនោះពួកគេបានពើបជាមួយជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុងប្រព្រឹត្តិបទល្មើសព្រៃឈើ។
ពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មកលោក ដែលជានាយកដែនជម្រកសត្វព្រៃកែវសីម៉ា តែលោកបានប្រាប់ទៅវិញថា គ្នាតិចដូច្នេះឲ្យត្រឡប់មកវិញសិន ដើម្បីយកកម្លាំងទៅថែមឈានទៅដល់ការបង្ក្រាប។ នៅពេលដែលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចខ្លួនចូលទៅក្នុងភូមិ។
លោក ឌិន ប៊ុនធឿន មិនបានបញ្ជាក់ និងមិនហ៊ាននិយាយថា អ្នកបាញ់ប្រហារនោះជានរណាឡើយ បើទោះបីព័ត៌មានខ្លះបានឲ្យដឹងថា ជានគរបាលការពារព្រំដែន និងយោធាការពារព្រំដែន នៅតំបន់នោះ។
ដោយឡែកមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានលួចបង្ហើបមកដល់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ ពេលនោះនាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ៦២១ បានចេញមកជួបក្រុមមន្ដ្រីទាំងនេះ អាចសង្ស័យថា មកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសនៅទីនោះ។
សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។
សមត្ថកិច្ចដដែលនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកបាញ់ប្រហារឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ។
ការបញ្ជាក់យ៉ាងដូច្នេះ ក៏វាត្រូវជាមួយនឹងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដាក់ជូនទៅនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ ដែលថា ករណីផ្ទុះអាវុធនេះបង្កឡើងដោយលោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់នោះ។
សូមបញ្ជាក់ថា ប៉ុស្ដិ៍នគរបាលអូររលែដែលនៅចំងាយប្រមាណជាង២០០ម៉ែត្រ ពីព្រំដែនវៀតណាម ទើបតែបង្កើតនៅពេលកន្លងទៅនេះ ដោយដាក់បន្ថែមពីលើប៉ុស្ដិ៍នគរបាលដែលមានស្រាប់ គឺអូរហុច ហើយប៉ុស្ដិ៍នគរបាលអូររលែ មានកម្លាំងរួមប្រមាណ៣០នាក់ ដែលត្រូវបានបែងចែកឲ្យយាមនៅគោលដៅផ្សេងៗពីគ្នា ដើម្បីការពារ និងទប់ស្កាត់ការប្រព្រឹត្តិបទល្មើសព្រៃឈើ។
ដោយឡែក យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ករណីជាអំពើឃាតកម្មគិតទុកជាមុន បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់), ទី២៖ ឈ្មោះ តើន សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការ WCS បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បើតាមរបាយការណ៍របស់លោក សូ សុវណ្ណ បានបញ្ជាក់ថា ជនរងគ្រោះ សេក វឌ្ឍនា មានស្នាមរបួសដោយគ្រាប់កាំភ្លើង បាញ់ត្រូវ៣គ្រាប់, ជនរងគ្រោះ តើន សុខណៃ ត្រូវគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ស្លាប់នៅនិងកន្លែង ដោយឡែកជនរងគ្រោះ ថុល ខ្នា ត្រូវមួយគ្រាប់ចំពោះ ធ្លាយពោះវៀនស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។ ជាមួយគ្នានេះ ក្រោយកើតហេតុសមត្ថកិច្ចជំនាញក៏បានរើសសំបកគ្រាប់ AK47 ចំនួន២សំបកផងដែរ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាក់យ៉ាងច្បាស់ៗថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ មិនឲ្យរួចខ្លួននោះឡើយ។ លោកអភិបាខេត្ត កាលពីយប់មិញក៏បានដឹកនាំមន្ដ្រី និងសមត្ថកិច្ចចុះទៅសួរនាំ និងស្រាវជ្រាវភ្លាមៗផងដែរ ហើយនិងឧបត្ថម្ភថវិកាមួយចំនួន ដល់គ្រួសារសព ជនរងគ្រោះទាំង៣នាក់។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា គណៈកម្មាធិការ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ ដែលមានមន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងមន្ដ្រីនគរបាលជាតិ បានចុះទៅទីតាំងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅតាមជំនាញជាក់ស្ដែង ជុំវិញហេតុផ្ទុះអាវុធដែលកើតឡើងនៅល្ងាចម្សិលមិញ បន្ទាប់ពី នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ឲ្យចុះស្រាវជ្រាវទាំងយប់។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី លោក ដារ៉ា បានរាយការណ៍ថា នៅព្រឹកថ្ងៃនេះអ្នកភូមិម្នាក់ដែលរត់រួចខ្លួន នៅការបាញ់ប្រហារខាងលើនេះ ក្នុងចំណោមជនរងគ្រោះ៣នាក់ ដែលបានស្លាប់ត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឧបមា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីរសៀលម្សិលមិញ នៅចំណុចប៉ុស្ដិ៍អូររលែ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខ៣ច្បាប់ផ្សេងគ្នា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង សូមសម្ដែងការសោកស្ដាយក្តុកក្តួលឥតឧបមា និងសូមចូលរួមមរណទុក្ខយ៉ាងក្រែមក្រំ ក្ដុងក្ដួលរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ ទាំង៣នាក់។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះដែរ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឧបមា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីរសៀលម្សិលមិញ នៅចំណុចប៉ុស្ដិ៍អូររលែ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខ៣ច្បាប់ផ្សេងគ្នា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោក សាយ សំអាល់ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងបរិស្ថានទាំងអស់ សូមសម្ដែងការសោកស្ដាយ ស្រណោះអាឡោះអាល័យក្រៃលែងជាទីបំផុត និងសូមចូលរួមមរណទុក្ខយ៉ាងក្រែមក្រំ ក្ដុងក្ដួលរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ ទាំង៣នាក់។
សម្រាប់សពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ ខណៈសំណុំរឿងដ៏ក្តៅគគុកនេះ ស្ថិតក្រោមការស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត៕