(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ CPP ចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានថ្លែងប្រាប់ពុទ្ធបរិស័ទ្ធចំណុះ ជើងវត្តទាំងអស់ថា ដោយសារប្រទេសជាតិយើងមានសន្តិភាពពេញលេញនេះហើយ ទើបយើងមានឱកាសធ្វើបុណ្យរួមគ្នាថ្ងៃនេះ តាមរយៈការកសាងផ្លូវបេតុង កសាងប្រាង្គក្នុងវត្ត និងសម្ពោធដាក់ឲ្យប្រើប្រាស់ នាឱកាសចំថ្ងៃបុណ្យមាឃបូជា ថ្ងៃពុធ១៥កើតខែមាឃឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ដែលជាបុណ្យព្រះពុទ្ធសាសនារបស់រដ្ឋ នៅវត្តបឹងឈូកស្ថិតនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុកសង្កែ ក្រុមប្រឹក្សាឃុំកំពង់ព្រៀងនិងពុទ្ធបរិស័ទ្ធជាច្រើននាក់ផងដែរ។
លោកតំណាងរាស្រ្ត បានឲ្យដឹងថា ជាពិតណាស់ទោះជាថ្នាក់ដឹកនាំបក្ស CPP គ្រប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យផ្នែកអាណចក្រយ៉ាងណាក៏ដោយ តែមិនដែលភ្លេចផ្នែកពុទ្ធចក្រឡើយ ហើយក៏បានរីកចម្រើនសន្ធឹកសន្ធាប់ និងបានដើរទន្ទឹមគ្នាផងដែរ ព្រោះព្រះពុទ្ធសាសនាជាសាសនារបសរដ្ឋ។ ម្យ៉ាងទៀតបើប្រទេសជាតិយើងពុំ មានសន្តិភាពពេញលេញ បរិបូរណ៍នោះទេ យើងក៏គ្មានឱកាសបានមកធ្វើបុណ្យរួមគ្នាយ៉ាងសប្បាយរីករាយនាពេលនេះបានដែរ។
អ្នកតំណាងរាស្រ្តបានបបញ្ជាក់ថា ការកសាងសមិទ្ធិផលនានាក្នុងវត្ត ពិសេសកសាងប្រាង្គនេះឡើងមានប្រយោជន៍សម្រាប់ប្រើប្រាស់ដល់ពុទ្ធបរិស័ទ្ធណាដែលមានការខ្វះខាត មានឱកាសយកអដ្ឋិធាតុសាច់ញាតិដែលបានស្លាប់ទៅបូជារួចហើយ និងសល់ឆ្អឹងបានអដ្ឋិធាតុនោះមករក្សាទុកក្នុងប្រាង្គនេះ ដែលជាប្រពៃណីរបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយ និងសល់បន្ទប់សម្រាប់ព្រះសង្ឃគង់នៅរៀនសូត្រធម៌ប្រចាំថ្ងៃផងដែរ។
លោកបានអំពាវនាវនិងផ្តាំផ្ញើដល់ពុទ្ធបរិស័ទ្ធទាំងអស់ថា សូមបងប្អូនលោកយាយលោកតា មេត្តាកុំជឿឃោសនា និងដើមតាមពួក ចលនាសង្រ្គោះជាតិស្អីគេនោះឡើយ ព្រោះពួកនោះបានត្រឹមតែ ស្រែកពីខាងក្រៅ ញុះញង់ប្រជាពលរដ្ឋ បំពុលសភាពការណ៍សង្គមប៉ុណ្ណោះ ខណៈដែលអ្នកសង្រ្គោះជាតិពិតប្រាកដ មានតែគណបក្ស CPP មួយគត់ ដែលបានរំដោះប្រទេសនិងប្រជាពលរដ្ឋបានរួចផុតពីរបបប្រល័យពូជនេះកន្លងមក។
បើគ្មានថ្នាក់ដឹកនាំជាន់ខ្ពស់និងឥស្សរជន វីរជន យុទ្ធជនបានតស៊ូរំដោះជាតិឈានដល់បានជ័យជំនះទាំងស្រុងចេញពីរបបប្រល័យពូជសាសន៍នោះទេ តើប្រទេសជាតិ ប្រជាពលរដ្ឋយើង ទាំងសមាជិកគណបក្ស CPP និងអតីសមាជិកគាំទ្របក្សប្រឆាំង CNRP មានជីវិតរស់នៅតាំងពីបាតដៃទទេររហូតដល់ប្រជាពលរដ្ឋយើងមានជីវភាពធូរធាប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យបានទេ ?
អ្នកតំណាងរាស្រ្តក៏បានថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្របក្សCPP បានបន្តដឹកនាំប្រទេសជាតិកន្លងមកនិងទៅអនាគតផង ក្នុងនាមលោកជាតំណាងរាស្រ្ត គឺត្រូវតែបម្រើរាស្រ្តគ្រប់កាលៈទេសៈ ពិសេសនៅតាមមូលដ្ឋាន។
បន្ទាប់ពីសំណេះសំណាលចប់ គណអធិបតី បានចូលរួមបច្ច័យចំនួន១ពាន់ដុល្លាក្នុងពិធីកសាងសមិទ្ធិផល គឺផ្លូវបេតុងនិងប្រាង្គនេះ ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការចាប់ពីនេះតទៅ៕