Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក សៀក សុជាតិ គាំទ្រដល់ចំណាត់ការតាមផ្លូវច្បាប់ និងវិន័យកងទ័ព ចំពោះឧត្តមសេនីយ៍ម្នាក់ ដែលបានបង្ករបួសស្នាមដល់ក្មេងស្រី បំរើការរត់តុនៅក្រុងប៉ោយប៉ែត

31-01-2018 12:12

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បានបញ្ជាក់ប្រាប់បណ្ដាព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា ឧត្តមសេនីយ៍ត្រីម្នាក់​ឈ្មោះ នេត សំអាត អនុប្រធាន​​ការិយាល័យ​ទំនាក់​ទំនងព្រំដែន​កម្ពុជា-ថៃ ដែលបានយកចានគប់ត្រូវក្បាលក្មេងស្រីរត់តុ នៅក្រុងប៉ោយប៉ែតនោះ លោកនឹងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ច តាមផ្លូវច្បាប់។

ក្រោយពីទទួលបានព័ត៌មានការប្រើអំពើហិង្សាខាងលើនេះ បណ្តាញសារព័ត៌មាន Fresh News បានសុំការបំភ្លឺបន្ថែម និងចំណាត់ការពីលោកឧត្តមសេនីយ៍ផ្កាយ៣ សៀក សុជាតិ ហើយលោកឧត្តមសេនីយ៍ ក៏បានអះអាងមកវិញថា ក្រៅពីចំណាត់ការតាមផ្លូវច្បាប់ ក៏នឹងមានដាក់ទោសផងដែរតាមវិន័យរបស់កងទ័ព ដោយមិនបណ្ដោយឲ្យបុគ្គលរូបនេះរួចខ្លួន និង ធ្វើអ្វីតាមតែអំពើចិត្តនោះទេ។

ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទី១៖ វាខុសនឹងច្បាប់កងយោធពលខេមរភូមិន្ទ, ទី២៖ ថ្នាក់ឧត្តមសេនីយ៍មិនមែនបំពាក់ឲ្យអ្នកឯងយកអំណាចនេះ ទៅគាប់សង្កត់ ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃបង្កឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹងទៅបន្សាប់ជនរងគ្រោះបានដែរ [...] ខ្ញុំត្រូវតែប្រឈមនឹងដោះស្រាយបញ្ហានេះ អនុវត្តទៅតាមវិន័យកងយោធពលខេមរភូមិន្ទ គឺខ្ញុំមិនអនុញ្ញាតឲ្យមន្ដ្រីណាមួយរបស់កងទ័ពកិច្ចការព្រំដែន បង្ក ឬធ្វើឲ្យមានស្នាមរបួសដល់អ្នកណាម្នាក់រួចខ្លួនពីសំណាញ់ច្បាប់នោះទេ»

លោក សៀក សុជាតិ បន្ថែមថា វិធានការណ៍ផ្លូវច្បាប់យ៉ាងដាច់ណាត់នេះ គឺដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដែលធ្លាប់មានប្រពៃណីល្អជាមួយ ប្រជាជនជាដរាបមក។

សូមជម្រាបថា នៅយប់ថ្ងៃទី​២៥ ខែមក​រា ឆ្នាំ២០១៨ លោក​ឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធាន​​ការិយាល័យ​ទំនាក់​ទំនងព្រំដែន​កម្ពុជា-ថៃ ​បានទៅផឹកស៊ី​ នៅភោជនីយដ្ឋាន​ «​ស្រះត្រជាក់ចិត្តថ្មី» មានគ្នីគ្នាប្រមាណជា​​៨ទៅ៩នាក់​ ស្ថិតនៅសង្កាត់​ប៉ោយប៉ែត​ លុះផឹកអស់ប្រហែល​៣-៤​កេស ពេលក្មេងស្រី​អ្នកមើលតុ ដើរទៅបន្ទប់ទឹក ក៏ត្រូវលោកផ្កាយ១​​យកចានគាប់ទៅជញ្ជាំង​ អាចចំសសរ​ ឬពិដានបែកចាន​ ខ្ទៀតកម្ទិចចាន​ទៅលើក្មេងស្រី​នោះចំកណ្ដាល​ថ្ងាស់​​ បណ្ដាលឲ្យបែកក្បាល​ពីរកន្លែង​ដេរ​​អស់​៤ថ្នេរ។

ប្រភពព័ត៌មានមូលដ្ឋានបានឲ្យដឹងថា ​ឧត្តមសេនីយ៍ដែលជាអ្នកបង្កខាងលើនេះ​ គឺបានសងជំងឺចិត្តទៅជនរងគ្រោះត្រឹមទឹកប្រាក់​១,៤០០,០០០រៀលប៉ុណ្ណោះ​ ដើម្បីបញ្ចប់រឿងទាំងអស់៕