(កំពង់ធំ)៖ សារធារណរដ្ឋកូរ៉េខាងត្បូង បានផ្តល់អំណោយជាចំនួនអង្ក៣២តោន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារធម្មជាតិ ដែលជានៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាកម្មវិធីមួយដែលបង្កើតឡើងដែលមានការចូលរួម ពីប្រទេសជាសមាជិក អាស៊ានទាំង១០ បូកនិងប្រទេសចំនួនបីទៀតគឺ ប្រទេសចិន, ប្រទេសកូរ៉េ ប្រទេសជប៉ុន។

ពិធីផ្តល់ជំនួយនេះធ្វើឡើងនៅស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ម្សិលមិញ ដើម្បីចែកជូនប្រជាពលរដ្ឋចំនួន៧ ក្រុងស្រុកនៅខេត្កំពង់ធំ។

លោក លី ផល្លា រដ្ឋលេខាធិកាក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា អង្កសរុបទាំង៣២តោន បើទោះបីជាការចែកជូននេះមានភាពយឺតយ៉ាវ បន្តិចក៏ពិតមែនតែបានបង្ហាញនូវការយកចិត្ត ទុកដាក់របស់ប្រទេសដែលជាសមាជិកអាស៊ានទាំង១០ រួមជាមួយប្រទេសទាំងបី នៃគម្រោងស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ ជាពិសេសប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយសុខទុក្ខរបស់ ប្រជាពលរដ្ឋដែលជាកសិករទូទាំងប្រទេសកម្ពុជា។

លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ប្រកបរបរកសិកម្មប្រមាណជាង៧៥ម៉ឺននាក់ លើស្រូវប្រាំង ស្រូវវស្សា និងដំណាំចំការ ដែលជាសក្តានុពលដ៏ធំមួយក្នុងដំណើរសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ។ ទន្ទឹមនេះរាជរដ្ឋាភិបាលបានធ្វើការសាងសង់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ជូនប្រជាពលរដ្ឋផងដែរ តែមិនទាន់គ្រប់គ្រាន់នៅឡើយ ដូច្នេះប្រជាកសិករមួយចំនួននៅប្រកបរបរ កសិកម្មតាមបែបបុរាណក្នុងការបង្កបង្កើនផលដែលធ្វើឲ្យមានហានិភ័យខ្ពស់ នៃការទួលនូវបម្រែបម្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត (រដូវប្រាំតូច) និងគ្រោះទឹកជំនន់ ធ្វើទិន្និផលរបស់គាត់មានការថយចុះ។

លោក ចាន់ពីតាយ៉ា ស៊ីមផល្លី នាយកគ្រប់គ្រងគម្រោង ស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ បានលើកឡើងថា គម្រោងបង្កើតឡើងមាន គោលបំណងចំនួន៦គឺទី១៖ ពង្រឹងលើផលិតផលដំណាំស្រូវជាមូលដ្ឋានរបស់ប្រទេសសមាជិកកម្មវិធី, ទី២៖ ទប់ស្កាត់ការបាត់បង់ទិន្និផលក្រោយ ពេលប្រមូលផល, ទី៣៖ ទទួលយកគោលនយោបាយស្តុកអង្ករថ្នាក់ជាតិប្រកបដោយប្រសិទ្ធិភាព សម្រាប់ផ្តល់ស្បៀងសង្គ្រោះបន្ទាន់, ទី៤៖ ជំរុញឲ្យមានស្ថេរភាពតម្លៃអង្ក, ទី៥៖ ធ្វើឲ្យប្រសើរនូវជីវជាតិ និងការទទួលទាន ជាពិសេសក្រុមអ្នករងគ្រោះនៅក្នុងប្រទេសដែលជាសមាជិក នៃប្រទេសនីមួយៗ និងទី៦៖ បង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់កសិករដាំដំណាំជាសលក្ខណៈគ្រួសារ៕