(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា រហូតមកដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានមនុស្សមួយក្រុម កម្មករ និងកម្លាំងប្រដាប់អាវុធ បាននាំគ្នាធ្វើសកម្មភាព បោះបង្គោលព្រុំដី ទាំងយប់ទាំងថ្ងៃ ចំនួនជិត២០បង្គោល នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលជាដីកំពុងមានទំនាស់ និងរង់ចាំការដោះស្រាយ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រុមកម្មករដែលត្រូវគេជួលឲ្យដាំបង្គោលទាំងអស់ បានឲ្យដឹងថា ពួកគាត់ស្គាល់ត្រឹមថា បុរសដែលជួលពួកគាត់នោះ ឈ្មោះ សំណាង មានតួនាទីធ្វើការនៅខណ្ឌចំការមន និងមានឈ្មោះ សឿន ជាអ្នកគក់ជេដី។ កម្មករទាំងអស់នោះបន្ដថា នៅពេលបោះបង្គោល ក៏មានពលរដ្ឋអ្នកចាំដីមកសួរនាំដែរ តែត្រូវគេគំរាមចាប់ ក៏ពលរដ្ឋទាំងនោះចាកចេញអស់ទៅ។
យោងតាមការអះអាងរបស់លោក អុំ រម្យ អតីតមេឃុំពន្សាំង បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ឈ្មោះ សាត សឿង ដែលជាអ្នកគក់ជេរៀបដី នៅចំណុចខាងលើ នោះ បានហៅលោក ឲ្យទៅជួយចង្អុលព្រុំដី ដើម្បីបោះបង្គោលមែន។ លោកបន្ដថា អ្នកដែលដឹកនាំកម្មករ និងកងកម្លាំងប្រដាប់អាវុធ មកបោះបង្គោលនោះ មានឈ្មោះ កែវ សំណាង ជាអភិបាលរងខណ្ឌចំការមន និងឈ្មោះ សាត សឿន ជាអ្នកកគ់ជេដី។
លោក អុំ រម្យ បានបន្ថែមថា ក្នុងនាមលោកជាអតីតមេឃុំពន្សាំង និងជាអ្នកធ្លាប់រៀបចំដីនោះ លក់ឲ្យទៅឈ្មោះ សាត សឿន លោកបានចុះទៅចង្អុលបង្ហាញព្រុំ តាមដែលលោកធ្លាប់ដឹង មែន។ ចំពោះមូលហេតុដែលឈ្មោះ សំណាង ទៅដឹកនាំមនុស្សឲ្យបោះបង្គោលព្រុំដី នៅក្នុងទឹកដីខណ្ឌព្រែកព្នៅបែបនេះ លោកក៏អត់ដឹងដែរព្រោះលោកមិនមែនជាមន្ត្រីទៀតទេ បានត្រឹមតែអនុវត្តតាមតែគេចង់បានប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាព Fresh News មិនទាន់អាចសុំការបញ្ជាក់ពីឈ្មោះ សំណាងបានទេ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ ដោយសារទូរស័ព្ទ លោកហៅចូលហើយគ្មានអ្នកទទួល។
ដោយឡែក បើយោងតាមពាក្យបណ្តឹងតវ៉ា និងសុំទប់ស្កាត់ ការស្នើសុំចុះបញ្ជីចេញទុតិយតា នូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ របស់លោកស្រី អ៊ិន សុភារី ដែលអះអាងថា ខ្លួនជាម្ចាស់ដី គោរពជូនលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើសុំឲ្យក្រសួងនេះកុំឲ្យចេញប័ណ្ណ ទុតិយតាលើដីចំនួន៨ប័ណ្ណ ដែលមានទំហំ៣០ហិកតា ស្ថិតក្នុងភូមិភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
នៅក្នុងលិខិតនោះ លោកស្រី អ៊ិន សុភារី ក៏បានស្នើឲ្យក្រសួងកោះហៅ ឈ្មោះ ខូវ លីបាក់ និងឈ្មោះ ស៊ី ជិនម៉ូវ ទៅបំភ្លឺបំភ្លឺតទល់មុខគ្នា នៅចំពោះមុខមន្ត្រីពាក់ព័ន្ធ ក្នុងការដោះស្រាយវិវាទដីធ្លី នៅក្រសួងផងដែរ។
ការប្តឹងតវ៉ា និងសុំឲ្យក្រសួងទប់ស្កាត់ ការចុះបញ្ជីចេញទុតិយតា នូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ ឲ្យទៅឈ្មោះ ខូវ លីបាក់ និងឈ្មោះ ស៊ី ជិនម៉ូវ ទៅក្រសួងនោះ គឺលោកស្រី អ៊ិន សុភារី បានអះអាងថា ដីចំនួន៨ប័ណ្ណ ទំហំ៣០ហិកតា នោះជាដីរួមភូមិ ដែលមានប្រជាពលរដ្ឋចំនួន១៧០គ្រួសារ បានផ្តិតមេដៃ លក់ឲ្យលោកស្រី កាលពីអំឡុងចុងឆ្នាំ២០១៦ ដោយមានលិខិតបញ្ជាក់ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ អមជាមួយស្នាមេដៃរបស់ពលរដ្ឋម្ចាស់ដីផងដែរ។
លោកស្រី អ៊ិន សុភារី បានសំណូមពរឲ្យលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍រកយុត្តិធម៌ ដល់លោកស្រីជាម្ចាស់ដី ស្របច្បាប់ផង។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ក៏មានលោកស្រី នេត ណារី ដែលអះអាងថា ខ្លួនជាម្ចាស់ដីនៅចំណុចខាងលើ បានដាក់ពាក្យប្តឹងទប់ស្កាត់ទៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរង់ចាំដោះស្រាយផងដែរ តែនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។
កាលពីអំឡុងដើមឆ្នាំ២០១៧ មានតំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រធានភូមិ អនុប្រធានភូមិ ចំនួន ៧ភូមិ និងមានលោកស្រី ឌី សារៀម ជាអតីតចៅសង្កាត់ពន្សាំង បាននាំគ្នាធ្វើ សន្និសីទលើដីទំនាស់ ខាងលើនេះ ដោយបានអះអាងថា ពួកគាត់ពិតជាបានលក់ដីរួមភូមិ សរុបជាង១០០ហិតា នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នោះទៅឲ្យឈ្មោះ អ៊ិន សុភារី ដោយទទួលបានលុយថ្លៃដីគ្រប់ចំនួន យកទៅចែកគ្នានៅអំឡុងចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧។
ពលរដ្ឋ បានអះអាងបន្ថែមថា ក្រោយពីទិញដីពីប្រជាពលរដ្ឋរួចលោកស្រី អ៊ិន សុភារី បានសង់រោងឲ្យពលរដ្ឋចាំដីនោះ ថែមទៀតផង៕