(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញ នៃការិយាល័យស្រាជ្រាវបទល្មើសព្រហ្មទណ្ឌ និងកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ដែលជាតៃកុងឡានពាក់ព័ន្ធករណីលួចរថយន្តស៊េរី ទៅកាន់តុលាការ ដើម្បីចាត់តាមនីតិវិធីច្បាប់, ដែលករណីនេះកំពុងស្ថិតក្នុងចំណាត់លោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលា ដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចអាវុធហត្ថបញ្ជូនទៅតុលាការ មានឈ្មោះ អ៊ុក ចាន់ដារ៉ា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ ក្រោយពេលជនសង្ស័យ លួចរថយន្តមួយគ្រឿង ម៉ាក LEXUS 570 ពណ៌ស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
តាមការបញ្ជាក់ របស់សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុង ដែលស៊ីឈ្នួលបើកឡានឲ្យ លួចយករថយន្តមួយគ្រឿងម៉ាក Luxes 570 ហើយគេចខ្លួនបាត់ នៅចំណុចហាងកាហ្វេ ផ្លូវ៣៣៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលតៃកុងឡានម្នាក់នេះ ជូនរូបគេទៅផឹកកាហ្វេនៅទីនោះ។ លុះនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០១៨ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្ដខាងលើ និងឃាត់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា សកម្មភាពលួចរថយន្តតាមស្ទីលបែបថ្មីនេះ គឺដំបូងឡើយរូបគេដើរដាក់ CV តាមក្រុមហ៊ុន និងអ្នកមានមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត នៅពេលណាមានឱកាស ទើបលួចយករថយន្តគេចខ្លួនតែម្តង។ ជាក់ស្តែងសកម្មភាពលើកនេះ មិនមែនជាលើកទី១ទេ កាលពីអំឡុងឆ្នាំ២០១៧ រូបខ្លួនក៏ធ្លាប់បានទៅបើកបរ ឲ្យថៅកែជនជាតិកូរ៉េ០១នាក់ និងបានលួចយករថយន្ដ០១គ្រឿងម៉ាក BMW ម្តងរួចមកហើយ៕