(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឧបមា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធកាលពីរសៀលម្សិលមិញ នៅចំណុចប៉ុស្ដិ៍អូររលែ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខ៣ច្បាប់ផ្សេងគ្នា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ លោក សាយ សំអាល់ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងបរិស្ថានទាំងអស់ សូមសម្ដែងការសោកស្ដាយ ស្រណោះអាឡោះអាល័យក្រៃលែងជាទីបំផុត និងសូមចូលរួមមរណទុក្ខយ៉ាងក្រែមក្រំ ក្ដុងក្ដួលរកទីបំផុតគ្មាន ជាមួយក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះ ទាំង៣នាក់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃម្សិលមិញ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន ដែលបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស (ស្លាប់), ទី២៖ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការសមាគមនអភរិរក្សសត្វព្រៃ Wildlife Conservation Society (WCS) បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕