(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរៀបចំដោយគណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ត្រូវបានបញ្ជូនទៅដល់គណៈរដ្ឋមន្រ្តី ហើយរាជរដ្ឋាភិបាលនឹងបើកកិច្ចប្រជុំអនុម័ត នៅថ្ងៃសុក្រ ទី២ ខែមករា សប្តាហ៍នេះតែម្តង។ នេះបើតាមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃនេះ។
សេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបង្ហើបថា បានកែប្រែរដ្ឋធម្មនុញ្ញចំនួន៣ចំណុច ក្នុងនោះទី១៖ សមាសភាពរាជរដ្ឋាភិបាល ឬការផ្តល់តួនាទីរដ្ឋលេខាធិការ នៅតាមក្រសួងស្ថាប័នរដ្ឋ, ទី២៖ ការគិតអគតិមកលើកម្ពុជា ឬប្រៀបប្រដូចកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលកំពុងមានសង្រ្គាមហែកហួរ និងទី៣៖ ការជ្រៀតជ្រែកគោលការណ៍ប្រឆំាងមកពីប្រទេសខាងក្រៅ។
ក្រោយមកត្រូវបាន លោក ឈាង វុន តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏មានដាក់បញ្ចូលផងដែរនូវចំណុចខ្លះដែលពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់ដល់ព្រះមហាក្សត្រនៃកម្ពុជា ដើម្បីដាក់ទោសឱ្យធ្ងន់ធ្ងរ លើជនទាំងឡាយដែលបានប្រមាថព្រះជេស្តា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចម្រុះមួយ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការ។
សម្តេចក្រឡាហោម ស ខេង ដែលបានចុះហត្ថលេខាបង្កើតគណៈកម្មការនេះ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ គឺជាការកែទម្រង់លើ រចនាសម្ព័ន្ធ នៃសមាសភាព រាជរដ្ឋាភិបាលចំនួនសមាសភាព រាជរដ្ឋាភិបាលដែលកន្លងមកធ្លាប់តែមានការរិះគន់ថា គណៈរដ្ឋមន្រ្តីមានចំនួនច្រើន។ សម្ដេចក្រឡាហោមបានលើកឡើងទៀតថា នេះគឺដើម្បីការពារផលប្រយោជន៍ជាតិជាធំ កុំឱ្យជនបរទេស ចូលមកជ្រៀតជ្រែតក្នុង កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា៕