(ភ្នំពេញ)៖ សារព័ត៌មាននានាបានចាប់ផ្តើមធ្វើសេចក្តីរាយការណ៍ថា ប្រទេសកម្ពុជា និងចិន នឹងរៀបចំការធ្វើសមយុទ្ធយោធាជាថ្មីម្តងទៀត នៅក្នុងខែមីនាខាងមុខ ស្របពេលដែលប្រទេសទាំងពីររំលឹកខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងទ្វេភាគី ហើយរដ្ឋាភិបាលកម្ពុជា ក៏នឹងរៀបចំការបោះឆ្នោតក្នុងរយៈពេលប៉ុន្មានខែខាងមុខផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន The diplomat ចេញផ្សាយនៅចុងខែមករា ឆ្នាំ២០១៨នេះ។
ការវិវឌ្ឍន៍នេះគឺជាផ្នែកមួយនៃពង្រីកនិន្នាការដែលកាន់តែទូលំទូលាយ ដោយទាំងពីរបានធ្វើការពង្រឹងទំនាក់ទំនងយោធាកាន់តែជម្រៅថែមទៀត។ ប្រទេសកម្ពុជាធ្លាប់មានទំនាក់ទំនងជាមួយចិនលើវិស័យការពារជាតិ យ៉ាងរឹងមាំ និងយូរអង្វែងមកហើយ ដោយរដ្ឋាភិបាលក្រុងប៉េកាំងជាប្រទេសម្ចាស់ជំនួយយោធាធំបំផុត។ ទំនាក់ទំនងកាន់តែជិតស្និទ្ធនេះ បានជំរុញសមត្តភាពវិស័យការពារជាតិរបស់កម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាដៃគូដ៏រឹងមាំរបស់ចិន ប្រចាំតំបន់អាស៊ី ដែលនឹងធ្វើជាអ្នកគាំទ្រគំនិតផ្តួចផ្តើម និងជំហររបស់ចិនលើកោះតៃវ៉ាន់ លើវិបត្តិសមុទ្រចិនខាងត្បូង ខណៈដែលចិនកំពុងព្យាយាមពង្រឹងចំណងទំនាក់ទំនងជាមួយរដ្ឋដទៃទៀតក្នុងតំបន់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងភ្នំពេញ បានពង្រីកចំណងទាក់ទងបន្ថែមទៀតលើវិស័យការពារជាតិ រួមទាំងការធ្វើសមយុទ្ធ និងការធ្វើសមាហរណកម្មថ្មីៗ ដោយប្រទេសទាំងពីរបានធ្វើសមយុទ្ធទ័ពជើងទឹក ជាលើកដំបូងរបស់ខ្លួនកាលពីឆ្នាំ២០១៦កន្លងទៅនេះ។
ឆ្នាំ២០១៨នេះ ត្រូវបានចាត់ទុកជាឆ្នាំដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងនេះ ដោយប្រទេសចិន និងកម្ពុជា បានប្រារព្ធខួបលើកទី៦០ឆ្នាំ នៃចំណងទាក់ទងទ្វេភាគី ស្របពេលដែលប្រទេស កម្ពុជាកំពុងឈានទៅរកការបោះឆ្នោតផងដែរនោះ។ នៅពេលដែលយើងកំពុងខិតកាន់តែជិតទៅរកការបោះឆ្នោតនោះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្យាយាមពង្រឹងអំណាចរបស់ខ្លួន បង្ក្រាបក្រុមប្រឆាំង និងកាត់ផ្តាច់ទំនាក់ទំនងជាមួយមហាអំណាចលោកខាងលិច តែបង្កើនទំនាក់ទំនងល្អជាមួយប្រទេសចិន។ ជាក់ស្តែង កាលពីដើមមករានេះ នាយករដ្ឋមន្រ្តីចិន លោក លីកេឈាំង (Li Keqiang) បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ គ្រប់ដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសុខាភិបាលជាដើម ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សារព័ត៌មានក្នុងតំបន់។
ក្នុងកិច្ចព្រមព្រៀងនោះក៏បានលើកឡើងពីវិស័យការពារជាតិផងដែរ។ ប្រទេសកម្ពុជាបានលុបចោល ឬកាត់បន្ថយទំនាក់ទំនងយោធាជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងពេលខ្លួនប្រកាសពីទំនាក់ទំនងយោធាជាមួយចិន។ កាលពីខែធ្នូកន្លងទៅនេះក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេស ចិន ឧត្តមសេនីយ៍ឯក Zhao Tianxing មេបញ្ជាការកងទ័ពការពារដែនអាកាស និងកាំភ្លើងធំនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា ប្រទេសចិននឹងជួយជំរុញវិស័យយោធាកម្ពុជាបន្ថែមទៀត ទាក់ទងនឹងកម្លាំងយោធា សម្ភារៈបរិក្ខា និងការហ្វឹកហាត់ជាដើម។
មិនខុសពីការរំពឹងទុក នាសប្តាហ៍នេះសារព័ត៌មានចាប់ផ្តើមរាយការណ៍ថា ភាគីទាំងពីរនឹងរៀបចំការធ្វើសមយុទ្ធយោធា រួមគ្នានៅក្នុងឆ្នាំ២០១៨នេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយឡែកប្រធានបទនៃសមយុទ្ធយោធានេះ គឺផ្តោតទៅលើអំពើភេរវកម្ម ការផ្តល់ជំនួយមនុស្សធម៌ និងនឹងសង្គ្រោះគ្រោះមហន្តរាយ ហើយសមយុទ្ធនេះនឹងមានយោធាកម្ពុជាចូលរួមចំនួន២៨០នាក់ និងយោធាចិនចំនួន ១៩០នាក់៕