(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាលចំនួន៣នាក់ និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង រថយន្តតូច២គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, មិនគោរពសិទ្ធិ, ប្រជែង, ស្រវឹង និងកត្តាយានយន្ដ។
សូមបញ្ជាក់ថារយៈពេល៣០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៩៥លើក បណ្ដាលឲ្យមនុស្សស្លាប់១៦៣នាក់ របួសធ្ងន់ចំនួន២៨០នាក់ និងរបួសស្រាលចំនួន១០៩នាក់៕