(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិនេះធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា គឺនៅចំណុចភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ កម្លាំជំនាញបានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោកស្រី គឹម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លន់ តូនី ហៅ ចុង នី ភេទប្រុស អាយុ១៩ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
លោកបន្ដថា នៅចំណុចភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ កម្លាំងជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ជនសង្ស័យ០៣នាក់ និងដកហូតបាន ម្សៅក្រាមពណ៌ស០៧កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង និងម៉ូតូ០២គ្រឿង។
ដោយឡែកមួយ នៅចំណុចភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ កម្លាំងជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ធី ចាន់ធីម អាយុ២៣ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស២២កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង ប្រាក់ញុះញង់១០០,០០០រៀល និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕