(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យ ​លោក Takeshi  Nakagawa អគ្គនាយក្រុមជួសជុលប្រាសាទអង្គរ នៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក TAKESHI NAKAGAWA អគ្គនាយក្រុមជួសជុលប្រាសាទអង្គរ នៃរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ការជួបពិភាក្សារនេះ ក្នុងគោលបំណងបង្ហាញ គម្រោងអំពី​ការបង្ការ គ្រោះអគ្គីភ័យក្នុងតំបន់ផាប់ស្រ្តីត ព្រោះទីនោះជាតំបន់ដែលអគ្គីភ័យ ងាយនឹងឆាប់ឆេះរាលដាលលឿន ហើយគម្រោងនេះជាគម្រោងកិច្ចសហប្រតិបត្តិការ ផ្នែកបច្ចេកទេស។

ជាមួយនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងដែរថា តំបន់ផាប់ស្ត្រីតជាតំបន់ទេសរចណ៍នាពេលរាត្រីដ៏សំខាន់ ហើយអាជ្ញាធរខេត្ត ក៏បានគិតគូរយ៉ាងប្រុងប្រយ័ត្ន ក្នុងការរក្សារសន្តិសុខសុវត្តិភាព និងបញ្ហាគ្រោះមន្តរាយផ្សេងៗ ជូនភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ដែលមកកំសាន្តនៅទីនោះនាពេលរាត្រី។

អភិបាលខេត្តបន្ដទៀតថា បច្ចុប្បន្នលោកបានខិតខំស្វែងរកជំនួយ ការរៀបចំទីក្រុងឆ្លាត ភ្លើងសញ្ញាចរាចរណ៍ និងកាមេរ៉ាសុវត្ថិភាព ពិសេសបញ្ហាការ ការពារអគ្គីភ័យ និងហានិភ័យផ្សេងៗ ក្នុងតំបន់ផាប់ស្ត្រីត ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់នៅពេលរាត្រី៕