(បន្ទាយមានជ័យ)៖ ករណីអគ្គិភ័យគួរឲ្យសង្វេគជាពន់ពេក ចំពោះស្ត្រីមេម៉ាយកូន៣នាក់ បានស្លាប់បាត់បង់ជីវិតក្នុងករណីទុស្សេខ្សែភ្លើង នៅក្នុងឃ្លាំងលក់ទិញអេតចាយ ខណៈផ្ទៃមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ នៅវេលាម៉ោង៨៖២៤នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ អគ្គីភ័យនេះឈ្មោះ ធូ តាំងហូវ «ហៅតាំង» ភេទស្រី អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ស្រីចំនួន៣នាក់ រស់នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបន្តថា តាមសាក្សីឃើញហេតុការណ៍នោះ បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ ដេកនៅក្នុងបន្ទប់ម្នាក់ឯង ក៏ស្រាប់តែឃើញមានផ្សែងភ្លើងហុយចេញពីក្នុងបន្ទប់ចំណែកកូនៗ បានចេញទៅរៀនអស់ពីផ្ទះ។
នៅពេលកើតមានគ្រោះអគ្គីភ័យនេះដែរ មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន ចំនួន៣គ្រឿង រួមទាំងកម្លាំងនគរបាលស្រុកមង្គលបូរី និងប្រជាពលរដ្ឋនៅក្បែរខាងជួយអន្តរាគមន៍បាចនិងបាញ់ទឹកពន្លត់ ទើបរលត់អស់ទាំងស្រុងមិនរាលដាលឆេះសម្ភារៈក្នុងឃ្លាំង នោះបន្តទៀតឡើយ។ ចំពោះសម្ភារៈដែលខូចខាតមានម៉ាស៊ីនត្រជាក់១គ្រឿង,គ្រែដេក១,ពួក១និងភួយ១
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបានបញ្ជាក់បន្ថែមថា បើតាមការពិនិត្យនៅលើដឹងខ្លួនសពឃើញមានខ្សែភ្លើងព័ទ្ធលើខ្លួន ដូច្នេះបើតាមការសន្និដ្ឋានជំហ៊ានដំបូង សង្ស័យជនរងគ្រោះគាត់យកឌុយខ្សែភ្លើងដោតនឹងព្រីភ្លើងបណ្តាលឲ្យទុស្សេឆេះហើយឆក់ស្លាប់តែម្តង៕