(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីឈ្មោះដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ អំពីមន្រ្តីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជុំវិញការជាប់សង្ស័យថាមានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕
២៖ មួយរយៈនេះភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញសញ្ញាមិនសូវស្រួលខ្លាំង ដោយសារតែបណ្តាប្រទេសទាំងនេះ ស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង នៃមហាសាគរប៉ាស៊ីហ្វិក ដែលងាយនឹងរងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូកតែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង៕
៣៖ រដ្ឋធានីនៃប្រទេសឥណ្ឌា បានក្លាយជាទីក្រុងដែលទទួលរងការបំពុលខ្លាំងក្លាក្រៃលែងជាងគេបង្អស់ ប្រចាំប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈរដ្ឋ Uttar Pradesh បានជាប់ឈ្មោះជារដ្ឋ ដែលរងការបំពុលធ្ងន់ធ្ងរបំផុត៕
៤៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែព្យាយាមធ្វើការទាក់ទង ទៅកាន់ផ្កាយរណបមួយគ្រឿង ដែលខ្លួនបានបាត់កាលពីជាងមួយទសវត្សរ៍មុនមកម្ល៉េះ ក្រោយពីវាត្រូវបានរកឃើញដោយអ្នកតារាសាស្រ្តធម្មតាៗម្នាក់ថាប្រហែលជាអាចនៅដំណើរការ៕
៥៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងនាថ្ងៃអង្គារនេះថា ទីបំផុតបុគ្គលទាំងឡាយ ដែលជាប់ឃុំឃាំងនៅក្នុងសណ្ឋាគារប្រណិត Ritz-Carlton ក្នុងរដ្ឋធានីរីយ៉ាដ ជាទីដែលអ្នកទាំងអស់នោះ ត្រូវបានគេឃាត់ឃាំងមិនឲ្យចាកចេញទៅណាមកណា ក្នុងអំឡុងការបើកយុទ្ធនាការបោសសម្អាត អំពើពុករលួយដ៏កក្រើកមួយនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញទាំងអស់ហើយ៕
៦៖ ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថា ជនសង្ស័យ ៣១១នាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា បានបំផុសបំផុសសកម្មភាពភេរវកម្ម នៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីកងទ័ពតួកគីបើកប្រតិបត្តិការបោសសំអាត ក្រុមអ្នកប្រយុទ្ធ YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី៕