(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ លោក ជឺ សុខ ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យ ជំរុញមន្ត្រីតុលាការទូទាំងខេត្ត ត្រូវខិតខំព្យាយាមផ្តល់ភាពយុត្តិធម៌ ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឈរលើគោលការណ៍ច្បាប់ជាធរមាន។
លោក ជឺ សុខ បានថ្លែងថា «សូមលោកលោកស្រី ដែលជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីក្រឡាបញ្ជី មន្រ្តីរដ្ឋបាលត្រូវបន្តការខិតខំព្យាយាម ក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឈរលើគោលការណ៍ច្បាប់ជាធរមាន»។ លោកក៏បានលើកឡើងសំណូមព អស់លោកលោកស្រី ត្រូវបំពេញការងារទៅលើវិស័យយុត្តិធម៌ ផ្អែកលើក្រមសីលធម៌វិជ្ជាជីវៈដើម្បីប្រយោជន៍ អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ យុត្តិធម៌ និងមិនលំអៀង។ ពោលត្រូវចៀសឲ្យផុតនូវទង្វើទាំងឡាយណា ដែលប្រព្រឹត្តមិនគួរគម្បី នាំឲ្យប៉ះពាល់កិត្តិយសអង្គភាព ប៉ះពាល់សង្គម និងធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទុកចិត្តនោះ។
លោក ក៏បានលើកឡើងសំណូមពរអស់លោកលោកស្រី សូមបំពេញការងារទៅលើវិស័យយុត្តិធម៌ផ្អែកលើក្រមសិ៍លធម៌វិជ្ជាជីវៈ ដើម្បីប្រយោជន៍អង្គភាព ប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ យុត្តិធម៌ និងមិនលំអៀង។ ពោលត្រូវចៀសឲ្យផុតនូវទង្វើ ទាំងឡាយណាដែលប្រព្រឹត្តមិនគួរគម្បី នាំឲ្យប៉ះពាល់កិត្តិយសអង្គភាព ប៉ះពាល់សង្គម និង ធ្វើឱ្យប្រជាពលរដ្ឋ អស់ជំនឿទុកចិត្តនោះ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងថា ជាទូទៅលោកពិនិត្យឃើញការងារ ដែលបានអនុវត្តនៅឆ្នាំចាស់កន្លងមក គឺអស់លោកលោកស្រី ជាចៅក្រម ព្រះរាជអាជ្ញារង មន្រ្តីក្រឡាបញ្ជី មន្រ្តីរដ្ឋបាលបានធ្វើការងារល្អប្រសើរ ជាងឆ្នាំមុនៗ នោះហើយដោយអនុវត្តនីតិវិធីបានលឿន មានប្រសិទ្ធភាព និងតម្លាភាព រឿងក្តីជាច្រើនត្រូវ បានដោះស្រាយរួចរាល់ទោះបីជាការអនុវត្ត នៅមានខ្វះចន្លោះមិនទាន់បានល្អ១០០ភាគរយនៅឡើយនោះ។
លោក មាស ច័ន្ទពិសិដ្ឋ បានបន្តថា ទន្ទឹមដែលអស់លោកលោកស្រីអនុវត្តបានល្អនោះហើយលោកក៏បានពិនិត្យឃើញមានចំណុចខ្វះចន្លោះ មួយចំនួនត្រូវកែសម្រួលនាពេលអនាគត បញ្ហាទាំងនោះមានដូចជាៈចំណាត់ការរឿងក្តីមួយចំនួនមានការអូសបន្លាយ,ការស្រាវជ្រាវសាវតាជាតិ នៅមានភាពខ្វះចន្លោះធ្វើឲ្យជនប្រព្រឹត្តបទល្មើសរួចផុតពីការផ្តន្ទាទោស, ការបញ្ជូនរឿងគ្មានខ្លួនទៅជំនុំជម្រះប្រើរយៈពេលយូរក្រោយពេល ស្ថាពរហើយ, ម៉ោងសវនាការនៅមានភាពយឺតយ៉ាវ ការកោះហៅគូរភាគី សាក្សី សាក្សីជាមន្រ្តីនគរបាលយុត្តិធម៌នៅតែធ្វើមិនបានគ្រប់ជ្រុងជ្រោយ ជាហេតុនាំឲ្យមានមន្ទិលសង្ស័យពីសាធារណៈជនលើសាលក្រមរបស់តុលាការ។
លោក មាស ច័ន្ទពិសិដ្ឋ ក៏បានជំរុញឲ្យមានការពន្លឿននីតិវិធីចាត់ការសំណុំរឿងព្រហ្មទណ្ឌ និងសំណុំរឿងរដ្ឋប្បវេណីឲ្យបានឆាប់រហ័សបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕