(ភ្នំពេញ)៖ លោក ហេង សុខណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នេះ ប្រកាសសាលក្រមផ្តន្ទាទោសឧកញ៉ា ជួប ច័ន្ទ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ សងសំណងដើមបណ្តឹង១លានដុល្លារអាមេរិក និងសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារអាមេរិក ករណីចេញសែកអត់សាច់ប្រាក់ចំនួន១លានដុល្លារ។
មន្ត្រីតុលាការថ្លែងថា អង្គហេតុដែលតុលាការចោទប្រកាន់ឧកញ៉ា ជួប ច័ន្ទ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់គឺផ្ដើមចេញឧកញ៉ា ជួប ច័ន្ទ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់សងមកក្រុមហ៊ុនគឹម កៅចំនួន៣លាន៥សែនដុល្លារ។ ក្នុងនោះឧកញ៉ា ជួប ច័ន្ទ បានចេញមូលប្បទានបត្រមួយសន្លឹក លេខ០៥៨៩៦០០ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ របស់ធនាគារកម្ពុជាពាណិជ្ជ ចំកាត់ដែលមានតម្លៃមួយលានដុល្លារ ដែលសែកនោះបានកំណត់ថ្ងៃបើកប្រាក់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថាគណនីនោះពុំមានប្រាក់ទេ ទើបក្រមហ៊ុន គឹម កៅ ដាក់ពាក្យប្ដឹងតែម្ដង។
ចំពោះបទចោទប្រកាន់នេះជនជាប់ចោទ ជួប ច័ន្ទ បានសារភាពថានៅអំឡុងឆ្នាំ២០០៨ ក្រុមហ៊ុនគឹម កៅ បានរកសុីជាមួយក្រុមហ៊ុនរតនសម្បត្តិក្នុងការទិញលក់ ស ជ ណ នៃដីសម្បទានតំបន់T87 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានតម្លៃរួមចំនួន១១លានដុល្លារអាមេរិក ។ ក្នុងនោះការអនុវត្ត ស ជ ណ ទី១ លេខ០៤ ក្រុមហ៊ុនគឹម កៅ បានប្រគល់ប្រាក់ចំនួន៤ ៩៧០ ០០០ ដុល្លារតាមរយៈឧត្តមសេនីយ ជា តារា និងឧកញ៉ា ឌឿន សុវណ្ណ និងបន្តមកអនុវត្ត ស ជ ណ ទី២លេខ០៤៥។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអាច អនុវត្តបានទេដោយ សាររាជរដ្ឋាភិបាលបាននិរាករណ៍ចោល សជណ នោះហើយប្រគល់ដីឱ្យប្រជាពលរដ្ឋអភិវឌ្ឍនៅនឹងកន្លែង។
ឧកញ៉ា ជួប ច័ន្ទ សារភាពទៀតថា ដោយសារមានការខាតបង់យ៉ាងសម្បើមនេះ ក្រុមហ៊ុន រតនសម្បត្តិ បានព្រមព្រៀងប្រគល់ប្រាក់ចំនួន ៣លាន៥សែនដុល្លារមកក្រុមហ៊ុនគឹម កៅវិញល្គឹកណាក្រុមហ៊ុនគឹម កៅ ផ្ទេរ សជ ណ ដែលនិរាករណ៍នោះមកក្រុមហ៊ុនរតនសម្បត្តិវិញ ។ ប៉ុន្តែខាងក្រុមហ៊ុន គឹម កៅ មិនបានអនុវត្តការផ្ទេរនោះទេ ។ ទោះបីជាយ៉ាងណានៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៥ ខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន គឹម កៅ ក្នុងការបង្វិលប្រាក់ចំនួន៣លាន៥សែនដុល្លារមកឱ្យ ក្រុមហ៊ុនជាដើមបណ្ដឹងវិញតាមរយៈសែកមួយសន្លឹកលេខ ០៥៨៩៦០០ មកឱ្យក្រុមហ៊ុនគឹម កៅ ដោយកំណត់បើកប្រាក់នៅថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែសែកនោះគ្រាន់តែតម្កល់តែប៉ុណ្ណោះមិនអាចបើកប្រាក់បានទេ ព្រោះមិនមាន បោះត្រាក្រុមហ៊ុនរតនសម្បត្តិ។
បន្ទាប់មកខ្លួនបានប្ដឹងមកតុលាការសុំដីការក្សាការពារដើម្បីកុំឱ្យភាគីក្រុមហ៊ុន ជាដើមបណ្ដឹងយកសែកនោះទៅបើកប្រាក់។ ប៉ុន្តែខ្លួនមិនបានប្ដឹងសុំរំលាយកិច្ចព្រមព្រៀង និងសែកមួយសន្លឹកមានតម្លៃមួយលានដុល្លារនោះទេ ក្រោយមកក្រុមហ៊ុនគឹម កៅ ក៏យកករណីសែកមកប្ដឹងតែម្ដង។
លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យបានគូសបញ្ជាក់ថាការឆ្លើយដោះសាររបស់ជនជាប់ចោទគ្រាន់តែ ជាចេតនាគេចវេសមិនទទួលខុសត្រូវលើអំពើល្មើសរបស់ខ្លួនប៉ុណ្ណោះ ជាការពិតជនជាប់ចោទមានចេតនាប្រព្រឹត្តការចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ដែលច្បាប់កំណត់អោយផ្តន្ទាទោស។
សូមបញ្ជាក់ថា ឧកញ៉ា ជួប ច័ន្ទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ចំនួនមួយលានដុល្លារអាមេរិក កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥៕