(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយផ្ទុះឆេះនៅកណ្តាលផ្លូវ ខណៈកំពុងបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េខ្លុប ម៉ាកហ៊ីហិនដាយ ពណ៌សរ ដឹកទឹកផ្លែឈើចំរុះ បើកបរពីជើងទៅត្បូង បានធំក្លិនហ្គាស ក្រោយមកបន្តិច ស្រាប់តែឮសម្លេងផ្ទុះក្តាំង នៅកណ្តាលផ្លូវ ក៏ឃើញមានអណ្តាតភ្លើងផេះសន្ធោសន្ធៅបណ្តាលឲ្យឆេះព្រូឡានម្នាក់ស្លាប់នៅនឹងកន្លែង និងតែកុងឡានម្នាក់រងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក (បារាយណ៍សន្ទុក)។

បន្ទាប់មកគេឃើញមានអ្នកជិតខាង និងសមត្ថកិច្ចមកជួយអន្តរាគមន៍ បាញ់ពន្លត់ និងសម្រួលចរាចរណ៍ផងដែរ។ រហូតមកដល់ល្ងាចនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានច្បាស់លាស់ នៅឡើយទេ។ ចំណែកជនរងគ្រោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕