(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើល និងធ្លាយចេញជាព័ត៌មានមួយ ខណៈមានការសង្ស័យថា ក្រុមហ៊ុនសហគ្រាសយីហោ សេងយ៉ាវ អេនធើប្រាយ និងក្រុមហ៊ុន យ៉ូស៍ (Yush Cambodia ENGIREEING Co .Ltd ) យកប្រាក់ពីកម្មករក្នុងម្នាក់ៗចំនួន៤០ដុល្លារ ជាថ្នូរការសម្ភាសន៍ជាប់ ឲ្យចូលបម្រើការងារជាកម្មករនិយោជិត នៅតាមរោងចក្រក្នុងតំបន់សេដ្ឋពិសេសស្វាយរៀង។

ការធ្លាយចេញព័ត៌មានបែបនេះ បានកើតឡើង បន្ទាប់ពីកម្មករ-កម្មការិនីដែលសម្ភាសន៍ជាប់ហើយ តែយូរខែមិនបានចូលបម្រើការងារ ទើបប្តឹងមកសមត្ថកិច្ចថា រដ្ឋបាលក្រុមហ៊ុន សេងយ៉ាវ យកប្រាក់ពួកគេម្នាក់៤០ដុល្លារ ជាថ្នូរផ្តល់ការងារធ្វើ ដោយសម្ភាសន៍ជាប់។ ពួកគេសង្ស័យថា ប្រធានរដ្ឋបាលក្រុមហ៊ុន សេងយ៉ាវ បោកយកប្រាក់ពួកគេ ក៏បែកធ្លាយដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចុះធ្វើអធិការកិច្ចពិសេស កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង នៅជាប់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

ទាក់ទិនករណីយកប្រាក់កម្មករនេះ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពិតជាមានបញ្ហាយកប្រាក់ពី កម្មករនិយោជិតប្រាកដមែន។ បើតាមក្រុមការងារមន្ទីរការងារ ក្រុមហ៊ុនសេងយ៉ាវ អេនធើប្រាយ (SHANG YAW ENTERPRISE CO.LTD) បានប្រព្រឹត្តល្មើសច្បាប់ស្តីពីការងារ ចំនួន២ចំណុចគឺ ទី១៖ ក្រុមហ៊ុនពុំបានជូនដំណឹងមកមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង អំពីកន្លែងធ្វើការទំនេរ ដែលមាននៅក្នុងសហគ្រាស ឬកន្លែងថ្មី ដែលសហគ្រាសត្រូវបញ្ចូលបុគ្គលិកបន្ថែមទៀត។ ទី២៖ ភ្នាក់ងារទទួលរកការងារក្រុមហ៊ុន យ៉ូស៍ ខេមបូឌា (YUS CAMBODIA ENGINEERING CO.LTD) ដែលមាននាយកឈ្មោះ HUANG ZHIYONG ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិចិន មានស្រុកកំណើតនៅប្រទេសចិន ដែលក្រុមហ៊ុន សេងយ៉ាវ អេនធើប្រាយ បានសហការជាមួយ ដើម្បីជ្រើសរើសបុគ្គលិក គឺពុំបានចុះបញ្ជីការ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហាស ប៊ុនធី បន្តទៀតថា ក្រុមហ៊ុនសេងយ៉ាវ មានបណ្ណ័ប៉ាតង់ លេខ PT2017023362អពដ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដែលមានម្ចាស់ឈ្មោះ YIN PINGLAN ភេទស្រី អាយុ៤៧ឆ្នាំ សញ្ជាតិចិន មានទីកន្លែងកំណើតនៅប្រទេសចិន និងមានទីលំនៅបច្ចប្បន្ន ផ្ទះលេខ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ មាននាយកឈ្មោះ LIU YAOWU ភេទប្រុស អាយុ៤៨ឆ្នាំ មានទីកំណើតនៅប្រទេសចិន ដែលជាគ្រឹះស្ថានរបស់សហគ្រាស យីហោ សេងយ៉ាវ អេនធឺប្រាយ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារឹសស៍។ គ្រឹះស្ថានមានកម្មករនិយោជិតសរុប៤៨០នាក់ ស្រី២៥០នាក់ ក្នុងនោះមានសញ្ជាតិបរទេស១៥នាក់ស្រី៥នាក់។

សម្រាប់ការធ្វើអធិការកិច្ចពិសេសនៅពេលនេះ គឺដើម្បីត្រួតពិនិត្យលើបញ្ហា ការជ្រើសរើសកម្មករនិយោជិត ឲ្យចូលបម្រើការងារក្នុងក្រុមហ៊ុនខុសច្បាប់ការងារ, ក្រុមហ៊ុនតម្រូវឲ្យអ្នកមកមករកសុំការងារធ្វើ បង់ប្រាក់ក្នុង១នាក់ ចំនួន៤០ដុល្លារ។ លោក ហាស ប៊ុនធី បន្តទៀតថា ក្រោយពីការសាកសួរ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុន សេងយ៉ាវ អេនធើប្រាយ បានប្រគល់សិទ្ធិឲ្យទៅក្រុមហ៊ុនយ៉ុស៍ ខេមបូឌា អ៊ីនជីននើរីង ជាក្រុមហ៊ុនសាងសង់ ជាអ្នកជ្រើសរើសកម្មករផ្គត់ផ្គង់ឲ្យ។

ការជ្រើសរើសកម្មករនិយោជិតបន្ថែម រហូតមកដល់ពេលនេះបានចំនួន២៤០នាក់ ក៏ប៉ុន្តែមិនទាន់បានយកប្រាក់ពីកម្មករនិយោជិតទេ។ ក្រោយពីរពិនិត្យ និងសាកសួរលើបញ្ជីជ្រើសរើសកម្មករ និយោជិតរួចមក ក្រុមអធិការកិច្ច នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើកិច្ចសន្យាដាក់កំហិត ឲ្យក្រុមហ៊ុន យ៉ូស៍ បញ្ឈប់សកម្មភាពនិយោជិតចាប់ពីពេលនេះតទៅ បើក្រុមហ៊ុនទាំងពីរ មិនបញ្ឈប់សកម្មភាពទេនោះ ក្រុមការងារនឹងត្រូវចាប់ផាកពិន័យទៅតាមច្បាប់ការងារជាធរមាន៕