(ភ្នំពេញ)៖ រសៀលថ្ងៃអង្គារ៍១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដង្កោ បានសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ទាំង១៣ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិទាំង៨៧ ក្នុងខណ្ឌដង្កោសរុប៣៣៤នាក់ ក្រោមអធិបតីភាព លោក ប៉ែន នរៈវុធ នាយករង ប.ស.ស និងលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ។
លោកអភិបាលខណ្ឌ បានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ប.ស.ស ក្នុងការផ្តល់ជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមប្រឹក្សាសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកភូមិ ដើម្បីសម្រួលដល់ការចំណាយក្នុងពេលមានជម្ងឺ ដោយអាចទៅពិនិត្យ និងព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋទាំងអស់ ដោយឥតគិតថ្លៃ។
ជាមួយគ្នានេះ លោកអភិបាលក៏បានលើកឡើងអំពីការផ្តល់ជូននូវអត្ថប្រយោជន៍ ជាច្រើនដែលសម្តេចតេជោ ហ៊ុន សែន ជូនដល់កម្មករ និយោជិត ដូចជា ការតម្លើងប្រាប់បៀវត្សរ៍ ដល់១៧០ដុល្លារ ក្នុងមួយខែ, ការពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ, ការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីសម្រាលកូន និងអត្ថប្រយោជន៍នានាជាច្រើនទៀត ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ចំពោះកម្មករ និយោជិតទាំងអស់។
លោកអភិបាលក៏បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកភូមិទាំងអស់ ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាអ្នកបម្រើរបស់រាស្ត្រ និងត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ក្នុងការបម្រើសេវា គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» ព្រមទាំងអនុវត្តទៅតាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»។
ក្នុងឱកាសនោះ ក្រុមប្រឹក្សាសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកភូមិទាំងអស់ បានធ្វើសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ ប័ណ្ណសមធម៌សុខាភិបាល ដល់ពួកគាត់ ដើម្បីសម្រួលដល់ការចំណាយក្នុងពេលមានជម្ងឺ ដោយអាចទៅពិនិត្យ និងព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋទាំងអស់ ដោយឥតគិតថ្លៃ៕