(តាកែវ)៖ កម្មករ-កម្មការិនីជាង៥០នាក់ ដែលបម្រើការងារនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ នៅរសៀល និងល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សង្ស័យអាចបណ្តាលមកពីពុលថ្នាំបាញ់ស្រូវរបស់ប្រជាពលរដ្ឋ នៅក្បែរនោះ។ នេះបើយោងតាមលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។
បើតាមលោកអធិការ ជនរងគ្រោះត្រូវបានលោក អ៊ុក រី អភិបាលស្រុក អភិបាលរង កងកម្លាំងរបស់លោក សហការជាមួយក្រុមគ្រូពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ជាបន្តបន្ទាប់ផងដែរ។
លោក ង៉ាន់ សារី បានបញ្ជាក់ថា សម្រាប់មូលហេតុវិញ ជនរងគ្រោះអាចធំក្លិនអ្វីម្យ៉ាង ដូចជាថ្នាំបាញ់ស្រូវ ដោយនៅម៉ោងជាង៣រសៀលថ្ងៃនេះ លោកមេឃុំ បានទៅហាមអ្នកបាញ់ថ្នាំស្រូវខាងត្បូងរោង ចក្ររំលងមួយព្រែក។
សូមបញ្ជាក់ថា សម្រាប់រោងចក្រនេះ ក្រុមកម្មករសរុប១៦៥០នាក់ ប្រុស៩២នាក់ ដែលកំពុងបម្រើការងារ៕