(ព្រះវិហារ)៖ អនុវត្តតាមគោលការណ៍របស់ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅអាគារសន្តិភាពសម្តេចតេជោ ហ៊ុន សែន ៥មករា តំបន់ភ្នំប្រាសាទព្រះវិហារ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១២រូប ចូលជួបសំដែងការគួរសម ក្នុងឱកាសទៅបំពេញទស្សនកិច្ចសិក្សា ស្វែងយល់ពី សន្តិសុខ ស្ថេរភាព និងស្ថានភាពទូទៅ នៅតំបន់ប្រាសាទព្រះវិហារ។
អមនាយឧត្តមសេនីយ៍ក្នុងឱកាសនោះមាន ឧត្តមសេនីយ៍ឯក ជា កែវ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រ យោធាថ្នាក់អគ្គបញ្ជាការ ឧត្តមសេនីឯក ច័ន្ទ ពន្លឹក នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការកងឯកភាពទិសប្រាសាទព្រះវិហារ ជាច្រើនរូបទៀត។ សមាសភាពអនុព័ន្ធយោធា នៃបណ្តាប្រទេសចូលជួបសំដែងការគួរសមក្នុងឱកាសនោះ មាន៖ អនុព័ន្ធយោធាប្រទេសរុស្សី សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្ត្រាលី ហ្វីលីពីន សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា និងថៃឡង់។
នាយឧត្តមសេនីយ៍ ជា តារា ក្នុងនាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ និងក្នុងនាមគណៈបញ្ជាការសមរភូមិមុខទាំងអស់ បានឡើងបទបង្ហាញជំរាបជូនភ្ញៀវ អំពីការវិវត្តនៃសភាពការណ៍ ក្រោយថ្ងៃទី០៧ កក្កដា ឆ្នាំ២០០៨ ដែលប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ ក្រោមការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណង ថែរក្សាបេតិកភ័ណ្ឌជាតិដ៏ចំណាស់មួយនេះ សំរាប់ជាសម្បត្តិវប្បធម៌ជាតិ និងពិភពលោកទាំងមូល។
ក្រោយ ICJ ទីក្រុងឡាអេបានសម្រេចសាលដីកាជាថ្មី កាលពីថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០១៣ កន្លងទៅសន្តិសុខ ស្ថេរភាព នៅតំបន់ប្រាសាទព្រះវិហារ កាន់តែមានភាពល្អប្រសើរ។ កងទ័ពកម្ពុជាបាន អនុវត្តជំហរសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសបទបញ្ជាក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៥ ណែនាំដល់កងទ័ពទាំងពីរ កម្ពុជា-ថៃ មានកិច្ចសហប្រតិបត្តិការ ជួបដោះស្រាយគ្នា ជាប្រចាំដោយសន្តិវិធី តាមខ្លឹមសារនៃជំនួបពិភាក្សាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រវាង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា ផ្តោតជា សំខាន់ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការ ជាសំខាន់លើការកសាងសន្តិភាពតាមបន្ទាត់ព្រំដែន។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ជីប៊ីស៊ី (GBC) ជារៀងរាល់ឆ្នាំរវាងនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ កាន់តែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពវិស័យយោធារវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ឈានដល់កិច្ចព្រមព្រៀង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងបរិបទនៃការលើកកំពស់សន្តិភាព សន្តិសុខ និង វិបុលភាព នៅតាមតំបន់ព្រំដែន ព្រមទាំងការជម្រុញ អោយអាជ្ញាធរ និង គណៈកម្មាធិការពាក់ព័ន្ធអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀងឲ្យមានប្រសិទ្ធិភាពខ្ពស់។
នាយឧត្តមសេនីយ៍ ជា តារា ក៏បានថ្លែងអំណរគុណប្រទេសជាមិត្តទាំងអស់ដែលបានគាំទ្រដល់កិច្ចការពារ និងអភិរក្សប្រាសាទព្រះវិហារ។
លោកវរសេនីយ៍ឯក Michael stelzing អនុព័ន្ធយោធាសហរដ្ឋអាមេរិក តំណាងឲ្យក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានកិច្ចសហប្រតិបត្តិការ ល្អជាមួយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជា តារា ជំរាបជូនអនុព័ន្ធយោធានៃបណ្តាប្រទេសទាំងអស់ ប្រចាំកម្ពុជាថា សន្តិភាពដែលកំពុងមាននៅកម្ពុជាបានមកដោយលំបាកណាស់ ទាមទារឲ្យរួមគ្នាថែរក្សា និងថ្កោលទោសរាល់ចេតនាបង្កើតឲ្យមានចលនាប្រឆាំងនឹងកម្ពុជា។ ភារកិច្ចរបស់កងទ័ពកម្ពុជា គឺការពារបូរណភាពទឹកដី ដាច់ខាតបង្ក្រាបរាល់ចលនាដែលនាំដល់អសន្តិសុខសង្គម កំទេចចលនាក្បត់ជាតិ៕