(បន្ទាយមានជ័យ)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានសម្ពោធការិយាល័យថ្មីរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមករា ឆ្នា២០១៨ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការធានារ៉ាប់រងអាយុជីវិត និងការការពារផែនការហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់របស់អតិថិជន នៅក្នុងខេត្តពាណិជ្ជកម្មដ៏សកម្មមួយនេះ ដែលការិយាល័យសាខានេះ ជាការិយាល័យទីប្រាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីក្រុមហ៊ុននេះមកដល់កម្ពុជាក្នុងឆ្នាំ ២០១២។
ការិយាល័យសាខានេះត្រូវបានបង្កើតឡើងបន្ទាប់ពីការបើកទីស្នាក់ការកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ នៅខែមិថុនា ឆ្នាំ ២០១២ ការិយាល័យសាខាខេត្តសៀមរាបក្នុងខែធ្នូឆ្នាំ ២០១៤ ការិយាល័យសាខាខេត្តបាត់ដំបងកាលពីខែតុលាឆ្នាំ ២០១៥ និងការិយាល័យសាខាខេត្តកំពង់ចាមកាលពីខែមេសាឆ្នាំ ២០១៦។
ថ្លែងក្នុងពិធីសម្ពោធការិយាល័យសាខាខេត្តបន្ទាយមានជ័យនេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ តែងតែទុកអតិថិជនជាអាទិភាព ហើយយើងតែងតែទុកពួកគាត់ជាស្នូលនៃរាល់សកម្មភាពដែលយើងធ្វើ។ នេះមានន័យថាយើងត្រូវខិតទៅកាន់តែជិតកន្លែងដែលអតិថិជនរបស់យើងរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត»។
ខេត្តបន្ទាយមានជ័យមានព្រំប្រទល់ជាប់នឹងប្រទេសថៃ និងជាខេត្តមួយដែលមានសកម្មភាពពាណិជ្ជកម្មយ៉ាងមមាញឹក ហើយមានប្រជាជនសរុបជាង៧០ម៉ឺននាក់។ ប្រជាជនដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងនៅតំបន់ដែលជាប់នឹងខេត្តនេះ នឹងអាចធ្វើការប្រឹក្សាយោបល់ជាមួយទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់យើង និងទទួលយកដំណោះស្រាយដ៏ល្អបំផុត ដែលសមស្របទៅនឹងគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់។ ការិយាល័យថ្មីរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ មានទីតាំងស្ថិតនៅកែងផ្លូវជាតិលេខ៥ និងលេខ៦ ភូមិ១ សង្កាត់ព្រះពន្លា
ក្រុងសិរីសោភ័ណ ដែលជាបេះដូងនៃខេត្តបន្ទាយមានជ័យ។
លោក Robert Elliott មានប្រសាសន៍ឱ្យដឹងទៀតថា៖ «បច្ចុប្បន្ន ប្រជាជនកម្ពុជាចំនួន ៦ ម៉ឺននាក់បានផ្តល់ទំនុកចិត្តលើយើង និងអនុញ្ញាតឲ្យយើងការពារអនាគតហិរញ្ញវត្ថុរបស់ពួកគាត់។ ចាប់ពីពេលនេះទៅ ក្រុមគ្រួសារកម្ពុជាដែលរស់នៅខេត្តបន្ទាយមានជ័យនឹងអាចទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោករបស់យើងទាំងអស់ដែលរួមមានការការពារប្រាក់ចំណូល ការសន្សំ ការរៀបចំកញ្ចប់ថវិកាសម្រាប់អនាគតការសិក្សាបុត្រធីតា ការសន្សំសម្រាប់ការចូលនិវត្តន៍ និងគម្រោងការពារសម្រាប់និយោជិតជាដើម» ។
លោក Elliott បានបន្ថែមថា៖ «ការពង្រីកការិយាល័យសាខានេះបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាដើម្បីផ្ដល់នូវសេវាកម្មកាន់តែប្រសើរជូនដល់ប្រជាជនកម្ពុជា» ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ និងជាទីផ្សារថ្មីចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។
គួរម្លឹកថា ក្នុងឱកាសក្រុមហ៊ុន មេនូឡាយហ្វ៍ បានសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅខេត្តបន្ទាយមានជ័យ ក៏បានប្រគល់កង់៣០គ្រឿង ជូនដល់សិស្សិក្រីក្រ នៅក្នុងខេត្ដបន្ទាយមានជ័យផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.manulife.com.kh ឬទំព័រហ្វេសប៊ុករបស់យើង ManulifeKh៕