(ភ្នំពេញ)៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ ឆ្លៀតពេលទំនេរ បានទៅអូសកំប្លោក និងបង់សំណាញ់យកត្រីធ្វើម្ហូបនៅក្នុង «អូរតាគឹម» ស្ថិតនៅភូមិឪឡោក សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែជួបក្រពើធំ១ក្បាល បង្ហាញខ្លួននៅក្នុងទឹកអូរនេះ ព្រមទាំងបម្រុងចាប់គាត់ស៊ីជាចំណីថែមទៀតផង។ ប៉ុន្តែពេលនោះ គាត់បានរត់រួច និងភ័យឡើងព្រលឹងចុងសក់ ចោលសំណាញ់មួយ នៅមាត់អូរ រហូតអ្នកភូមិភ្ញាក់ផ្អើលរត់ទៅមើល ទើបគាត់ហ៊ានទៅយកសំណាញ់ ចំណែកក្រពើមួយក្បាលនោះ បានហែលចូលទៅក្នុងកំប្លោកបាត់ទៅ។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយអាជ្ញាធរបានឲ្យប្រជាការពារ នាំអ្នកជំនាញចាប់ក្រពើ ទៅកាន់ទីនោះ ដើម្បីចាប់ក្រពើយកទៅដាក់នៅសួនសត្វផងដែរ ប៉ុន្តែពេលទៅដល់រកក្រពើមិនឃើញឡើយទេ។

ប្រជាពលរដ្ឋនៅក្នុងភូមិបាននិយាយថា ទីនោះពិតជាមានក្រពើមែន ព្រោះនៅចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨នេះ អ្នកនេសាទត្រី ក្នុងអូរខាងលើចាប់បានកូនក្រពើចំនួន៣ក្បាលផងដែរ។ ជាក់ស្ដែងកាលពី១អាទិត្យមុននេះ ប្រជាពលរដ្ឋចាប់បានកូនក្រពើ ១ក្បាលមានទម្ងន់ជាង១៣គីឡូក្រាម បន្ទាប់មកអ្នកនេសាទ បានយកវាទៅលក់បាត់ហើយ ចំណែកក្រពើដែលបង្ហាញខ្លួននាពេលនេះ គឺសង្ស័យជាមេក្រពើតែម្ដងព្រោះវាធំណាស់។

ដោយឡែក ខាងប្រជាការពារភូមិ បាននាំអ្នកជំនាញខាងចាប់ក្រពើ ចុះទៅកាន់ទីនោះដើម្បីចាប់ក្រពើយកទៅដាក់សួនសត្វ ប៉ុន្តែពេលទៅដល់ មិនបានឃើញនោះទេ ដែលសង្ស័យវាមានរូង ឬក៏សម្ងំលាក់ខ្លួននៅក្នុងកំប្លោក។ បន្ទាប់មកក៏បានដកថយសិនរង់ចាំ វាបង្ហាញខ្លួនលើកក្រោយទៀត នឹងចាប់តែម្ដង ដើម្បីកុំឲ្យវាយាយីដល់អ្នកភូមិ ហើយទន្ទឹមនិងនេះដែរ ក្នុងនាមឲ្យអាជ្ញាធរ ប្រជាការពារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែប្រុងប្រយ័ត្នផ្អាកការនេសាទត្រី ឬចុះទៅងូតទឹកអូរនោះជាបណ្ដោះអាសន្ន សិនរង់ចាំចាប់ក្រពើនេះបានសិន៕